ក្រោមកញ្ចប់ថវិការប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាតេក្វាន់ដូ ITF គ្រោងនឹងរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលនឹងចាប់ផ្ដើមជាផ្លូវការនាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅសាលដំបូលទូក មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡារាជធានីភ្នំពេញ។
ការប្រកួតនេះមានចំនួន ២៣វិញ្ញាសា ក្នុងនោះមានវិញ្ញាសាមេគុនចំនួន៧ រួមមាន វិញ្ញាសាខ្សែក្រវាត់ក្រោមខ្មៅបុរសនារី ខ្សែក្រវាត់ខ្មៅ១ដាន់សម្រាប់ក្លិបបុរសនារី ខ្សែក្រវាត់ខ្មៅ១ដាន់បុរសនារីជម្រើសជាតិ និងខ្សែក្រវាត់ខ្មៅ២ដាន់ជម្រើសជាតិ។ រីឯវិញ្ញាសាបច្ចេកទេសពិសេស មាន១ប្រភេទគឺឯកត្តជនបុរស។ ចំពោះវិញ្ញាសាប្រយុទ្ធឯកត្តជនមាន មានចំនួន ១៥ប្រភេទ ក្នុងនោះនារីមាន ៥វិញ្ញាសា បុរសមាន ៧វិញ្ញាសា និងវិញ្ញាសាប្រយុទ្ធសេរីជម្រើសជាតិ។
ឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF បានឱ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ គឺជាការប្រកួតដែលចម្រាញ់រកអត្តពលិក ដែលមានសមត្ថភាពដើម្បីធ្វើតេស្តរកជើងខ្លាំងឆ្ពោះទៅកាន់ការប្រកួតលក្ខណៈអន្តរជាតិដែលនឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ។ សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិ សហព័ន្ធតែងតែរៀបចំឡើងប្រចាំឆ្នាំក្រោមថវិការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលជាការប្រកួតមួយធ្វើឡើងប្រកបដោយប្រសិទ្ធភាព ដោយមានបណ្ដាក្លិប សមាគមជាច្រើនបានចុះឈ្មោះចូលរួមប្រកួត។ យើងជឿជាក់ថា អត្តពលិកដែលបានចូលរួមនឹងទទួលបានបទពិសោធន៍ថ្មីៗ ហើយទទួលបានលទ្ធផលល្អជូនក្លិបរបស់ខ្លួន។
សូមបញ្ជាក់ដែរថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ធ្វើឡើងរយៈពេល ៣ថ្ងៃ ដែលមានអត្តពលិកមកពីជាង ១០ក្លិបចូលរួម ដូចជាក្លិបខេត្តកោះកុង វិទ្យាល័យហ៊ុនសែនតាខ្មៅ ក្លិបក្លិបថ្មស សេរីភាព មិត្តភាព ក្រសួងសេដ្ឋកិច្ច ក្ដីចាស់ វិទ្យាល័យពងទឹក វីរភាពកីឡា សាលាអន្តរជាតិអេបផល ខេត្តត្បូងឃ្មុំ ក្រសួងមហាផ្ទៃ ជម្ពូរវន្តសែនជ័យ ពន្លឺយុវជនកំពង់ស្ពឺ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់។
កត់សម្គាល់ផងដែរថា តេក្វាន់ដូ ITF ជាកីឡាដ៏មានសក្ដានុពលក្នុងប្រទេសកម្ពុជា ពិសេសរាល់ការចេញទៅប្រកួតនៅលើឆាកអន្តរជាតិ របស់អត្តពលិកដែលស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធ តែងតែទទួលបានភាពជោគជ័យនិងឈ្នះមេដាយគ្រប់កម្រិតមកជូនជាតិមាតុភូមិ៕