×

ក្រុមប្រឹក្សាអូឡាំពិកអាស៊ីអនុញ្ញាតឱ្យអត្តពលិករុស្ស៊ីនិងបេឡារុស ចូលរួមប្រកួតនៅព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩

ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានសម្រេចជាគោលការណ៍សម្រាប់អត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស អាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ប៉ុន្តែការសម្រេចចុងក្រោយគឺស្ថិតនៅលើគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។

គណៈប្រតិភូមកពីគណៈកម្មាធិការជាតិ ឬតំបន់ចំនួន ៤៥ ក្នុងមហាសន្និបាត OCA លើកទី ៤២ នៅទីក្រុងបាងកក កាលពីថ្ងៃសៅរ៍ ត្រូវបានជូនដំណឹងថា អត្តពលិកទាំងពីរប្រទេស មិនឱ្យលើសពី ៥០០ នាក់ឡើយក្នុងកីឡាចំនួន ១២ប្រភេទ។

លោក Husain Al-Musallam អគ្គនាយក OCA បាននិយាយថា ការសម្រេចចិត្តចុងក្រោយនឹងត្រូវធ្វើឡើងជាមួយនឹងកិច្ចសហប្រតិបត្តិការពេញលេញរបស់ IOC, OCA, គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ី Hangzhou និងសហព័ន្ធកីឡាអន្តរជាតិ និងអាស៊ី។

លោក Husain Al-Musallam បានពន្យល់ថា៖ “ប្រសិនបើការយល់ព្រមទាំងអស់នេះត្រូវបានផ្តល់ឱ្យ នោះអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស នឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ី នៅទីក្រុង Hangzhou ប៉ុន្តែនឹងមិនមានសិទ្ធិទទួលបានមេដាយទេ។ ពួកគេនឹងប្រកួតប្រជែងក្នុងនាមជាអត្តពលិកឯករាជ្យ និងក្រោមទង់ជាតិអព្យាក្រឹត”។

អគ្គនាយក OCA បានបន្ថែមថា៖ “ការចូលរួមនៅកីឡាអាស៊ី ក៏នឹងផ្តល់ឱ្យអត្តពលិករុស្ស៊ី និងបេឡារុស នូវឱកាសដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤”។

ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ គ្រោងនឹងធ្វើឡើងពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៣។

អត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហាមឃាត់មិនឱ្យចូលរួមក្នុងការប្រកួតអន្តរជាតិសំខាន់ៗចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង