×

កីឡាករហូឡង់ Max Verstappen បន្តឈ្នះការប្រណាំងរថយន្ត F1 កម្មវិធី British Grand Prix

កីឡាករហូឡង់ Max Verstappen បានបន្តទទួលជ័យជម្នះនៅក្នុងការប្រណាំងរថយន្ត F1 កម្មវិធី British Grand Prix ដែលធ្វើឡើងនាទីក្រុង Silverstone ប្រទេសអង់គ្លេស។

ជាការពិត ការប្រកួតនេះបានធ្វើឡើងនាទីលានដែលមានឈ្មោះថា Silverstone Circuit ដោយកីឡាករទាំងអស់ត្រូវប្រជែងគ្នាជិះចំនួន៥២ជុំទីលាន សរុបចម្ងាយផ្លូវប្រមាណ 306.198 គីឡូម៉ែត្រ។

នៅក្នុងនោះ Max Verstappen នៅតែអាចបញ្ចប់ទីព្រ័ត្របានមុនគេ ដោយសមាជិកក្រុម Red Bull Racing បានប្រើថិរវេលាអស់ ១ម៉ោង ២៥នាទី និង១៦វិនាទី ចុច៩៣៨។ កីឡាករវ័យ ២៥ឆ្នាំ ដែលជាជើងឯកពិភពលោក រដូវកាលកន្លងទៅនោះ ពេលនេះបានឈ្នះការប្រកួតចំនួន៦ទីលានជាប់ៗគ្នា និងជាការឈ្នះលើកទី៨របស់គេនៅក្នុងការប្រកួតសម្រាប់រដូវកាល២០២៣នេះ។ ចំណែកឯ កីឡាករអង់គ្លេស Lando Norris មកពីក្រុម McLaren បានបញ្ចប់ទីព្រ័ត្រក្នុងចំណាត់ថ្នាក់លេខ២ យឺតជាង ៣វិនាទី និង ៧៩៨ ហើយកីឡាករអង់គ្លេស Lewis Hamilton មកពីក្រុម Mercedes បញ្ចប់ទីព្រ័ត្រក្នុងចំណាត់ថ្នាក់លេខ៣ យឺតជាង អ្នកលេខ១ ចំនួន៦វិនាទី ចុច៧៨៣។

ក្រឡេកមកតារាងពិន្ទុសរុបនៅពេលនេះគឺ Max Verstappen នៅតែរក្សាចំណាត់ថ្នាក់កំពូលតារាង ដោយមាន២៥៥ពិន្ទុ ខណៈកីឡាករម៉ិកស៊ិក Sergio Pérez នៅលេខ២ មាន ១៥៦ពិន្ទុ ហើយកីឡាករអេស្ប៉ាញ Fernando Alonso នៅលេខ៣ មាន១៣៧ពិន្ទុ។

សូមបញ្ជាក់ថា កម្មវិធី British Grand Prix គឺជាទីលានទី ១០ ក្នុងចំណោម ២២ នៃការប្រណាំងរថយន្ត F1 ជ្រើសរើសជើងឯកពិភពលោក រដូវកាល ២០២៣។ ទីលាននៃការប្រកួតជាបន្ត គឺទីលានទី១១ ជាកម្មវិធី Hungarian Grand Prix ធ្វើឡើងនាទីក្រុង Mogyoród ប្រទេសហុងគ្រី ថ្ងៃទី ២៣ ខែកក្កដា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង