រដ្ឋាភិបាលប្រេស៊ីល បានសម្រេចយកឈ្មោះខ្សែប្រយុទ្ធ Vinicius Junior ជាឈ្មោះរបស់ច្បាប់ថ្មីដែលត្រូវបានតាក់តែងឡើងដើម្បីប្រឆាំងនឹងការរើសអើងជាតិសាសន៍។
ច្បាប់ថ្មីមានឈ្មោះថា “Vini Jr” ដែលត្រូវបានអនុម័ត ដែលគេនឹងឃើញព្រឹត្តិការណ៍កីឡាត្រូវបានបញ្ឈប់ ឬផ្អាក ពេលមានការរើសអើងជាតិសាសន៍ អំឡុងការប្រកួត។
Vinicius Junior វ័យ២២ឆ្នាំ បានរងការរើសអើងជាតិសាសន៍ជាច្រើនលើកច្រើនសា កាលពីរដូវកាលមុន។ ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល បានរាយការណ៍ថា ច្បាប់ថ្មីនេះ ត្រូវបានបំផុសគំនិតដោយការឆ្លើយតបរបស់ Vinicius ចំពោះការរើសអើងជាតិសាសន៍ពីអ្នកគាំទ្រគូប្រកួត អំឡុងពេលការប្រកួតទល់នឹងក្រុម Valencia កាលពីខែឧសភា។ ច្បាប់នេះរួមបញ្ចូលនូវនីតិវិធីនៃការដាក់ពាក្យបណ្តឹងនៃការរើសអើងជាតិសាសន៍ និងយុទ្ធនាការអប់រំជាកាតព្វកិច្ច។
កីឡាកររបស់ក្លិប Real Madrid ទទួលបានពានរង្វាន់ពីសភានីតិប្បញ្ញត្តិរបស់ទីក្រុង Rio de Janeiro និងក្រុមប្រឹក្សាភិបាល។ បន្ថែមពីនេះ រូបគេត្រូវបានស្នើឱ្យដឹកនាំគណៈកម្មាធិការប្រឆាំងការរើសអើងជាតិសាសន៍របស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ផងដែរ។
ការប្រកួតថ្មីៗ របស់កីឡាកររូបនេះ សម្រាប់ការប្រកួតមិត្តភាពរបស់ប្រេស៊ីលទល់នឹងហ្គីណេ និងសេណេហ្គាល់ ត្រូវបានរៀបចំជាផ្នែកនៃយុទ្ធនាការប្រឆាំងការរើសអើងជាតិសាសន៍ ដែលនឹងបន្តជាមួយនឹងការប្រកួតមិត្តភាពជាមួយអេស្ប៉ាញ នៅកីឡដ្ឋាន Bernabeu របស់ក្រុម Real Madrid នាខែមីនា ឆ្នាំក្រោយ៕