ប្រទេសចិនគ្រោងនឹងវិលត្រឡប់ទៅការរៀបចំទីលាន ការប្រកួតប្រណាំងរថយន្ត Formula 1 ជាលើកដំបូង ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងការពិនិត្យឡើងវិញនៃកាលវិភាគសម្រាប់ឆ្នាំ ២០២៤។
រដូវកាលឆ្នាំ ២០២៤ នឹងចាប់ផ្តើមពីថ្ងៃទី០២ ខែមីនា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ លើទីលានសរុបចំនួន ២៤ទីលានក្នុងប្រទេសចំនួន ២១ ។
ដើមឡើយ ប្រទេសចិនគ្រោងនឹងវិលត្រឡប់មកកាន់ការរៀបចំការប្រកួតវិញ នៅក្នុងឆ្នាំ ២០២៣ នេះ ប៉ុន្តែត្រូវបានលុបចោលវិញ ដោយសារតែភាពមិនប្រាកដប្រជានៃស្ថានភាពជំងឺកូវីដ-១៩ នៅដើមឆ្នាំ នៅពេលដែលមានកុបកម្ម ដែលជាលទ្ធផលនៃការរឹតបន្តឹងសង្គម ក្រោមវិធានការ សូន្យ-កូវីដ របស់រដ្ឋាភិបាលទីក្រុងប៉េកាំង។
ការប្រកួតនៅចិន Chinese Grand Prix នឹងត្រូវធ្វើឡើងនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅលើទីលាន Shanghai International Circuit ដែលមានមូលដ្ឋាននៅក្នុងទីក្រុងសៀងហៃ ហើយក៏ជាទីលានទី៥ នៃព្រឹត្តិការណ៍ជើងឯកពិភពលោក Formula One World Championship ឆ្នាំ ២០២៤។
ការធ្វើតេស្តសាកល្បងមុនរដូវកាលចាប់ផ្តើម គ្រោងនឹងធ្វើឡើងនៅប្រទេសបារ៉ែននាថ្ងៃទី ២១-២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ប៉ុន្តែកាលបរិច្ឆេទទាំងនោះ នៅតែអាចត្រូវបានផ្លាស់ប្តូរពីក្រុមប្រឹក្សាកីឡារថយន្តពិភពលោក FIA។
សូមបញ្ជាក់ថា ប្រទេសចិនបានដំណើរការការប្រកួត ប្រណាំងរថយន្ត Formula 1 ជាលើកចុងក្រោយនៅឆ្នាំ២០១៩ មុនពេលនៃការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩៕