×

គ្រូបង្វឹក Real Madrid ត្រៀមបង្ហាញខ្លួននៅតុលាការករណីក្លែងបន្លំការបង់ពន្ធ

លោក Carlo Ancelotti នឹងត្រូវកោះហៅឡើងបង្ហាញមុខនាតុលាការនៅក្នុងប្រទេសអេស្ប៉ាញ ខណៈគ្រូបង្វឹករបស់ក្រុម Real Madrid ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំពន្ធ។

ការស៊ើបអង្កេតលើបុរសជនជាតិអ៊ីតាលី វ័យ៦៤ឆ្នាំ បានបញ្ចប់ ហើយសារព័ត៌មាន El Mundo បានអះអាងថា រូបលោកត្រូវបានរងការចោទប្រកាន់ពីបទមិនបង់ពន្ធប្រមាណ ៤០ម៉ឺនផោន ។

យ៉ាងណា ការចោទប្រកាន់នេះគឺជាការសើរើឡើងវិញ លើករណីតាំងពីឆ្នាំ២០១៤មកម្ល៉េះ គឺរយៈពេលមួយឆ្នាំ បន្ទាប់ពីការមកដល់របស់លោក Ancelotti នៅឯកីឡដ្ឋាន Santiago Bernabeu ។

លោក Ancelotti មិនមែនជាបុគ្គលល្បីឈ្មោះដំបូងគេក្នុងវិស័យបាល់ទាត់អេស្ប៉ាញដែលត្រូវបានអាជ្ញាធរពន្ធដារចោទប្រកាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តួយ៉ាង អតីតតារាឆ្នើមរបស់ Real Madrid ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានចោទប្រកាន់ពីបទគេចវេសការបង់ពន្ធរវាងឆ្នាំ ២០១១ និង ២០១៤ ហើយត្រូវបានកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល២ ឆ្នាំផងដែរ។ ទន្ទឹមនឹងនេះខ្សែប្រយុទ្ធ Lionel Messi របស់ Barcelona ក៏រងការពិន័យព្យួររយៈពេល ២១ ខែទាក់ទងនឹងការក្លែងបន្លំពន្ធចំនួន ៤,១ លានអឺរ៉ូ ចន្លោះឆ្នាំ ២០០៧ និង ២០០៩ ខណៈ អតីតមិត្តរួមក្រុម Barcelona ខ្សែការពារ Gerard Pique ក៏ត្រូវបានពិន័យចំនួន២,១ លានអឺរ៉ូផងដែរ នៅពេលដែលរូបគេត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទក្លែងបន្លំសិទ្ធិរូបភាព។

លោក Ancelotti បច្ចុប្បន្នកំពុងស្ថិតក្នុងយុគសម័យទីពីររបស់ខ្លួនក្នុងនាមជាគ្រូបង្វឹក Real Madrid ដោយបានវិលមកកាន់តំណែងនៅឆ្នាំ ២០២១។ លោកបានឈានចូលឆ្នាំចុងក្រោយក្នុងតួនាទីនេះ ប៉ុន្តែបានយល់ព្រមរួចហើយក្នុងការចូលកាន់តំណែងជាគ្រូបង្វឹកប្រេស៊ីលនៅឆ្នាំ ២០២៤៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង