អ្នកគាំទ្រជាច្រើនបានចាប់ផ្តើមធ្វើដំណើរមកប្រមូលផ្តុំគ្នា ដើម្បីត្រៀមចូលរួមពិធីបង្ហាញខ្លួនជាផ្លូវការ របស់ខ្សែប្រយុទ្ធ Lionel Messi ជាសមាជិកក្លិប Inter Miami ខណៈពិធីនេះត្រូវបានរៀបចំដោយក្លិបនៅថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះ។
ក្លិប Inter Miami នៅលីគកំពូលសហរដ្ឋអាមេរិក MLS បានធ្វើការប្រកាសបញ្ជាក់ពីព្រឹត្តិការណ៍ស្វាគមន៍ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនម្ចាស់ពានរង្វាន់ FIFA World Cup 2022 រូបនេះ ដែលត្រូវបានហៅថា “The Unveil” នៅកីឡដ្ឋាន DRV PNK ខណៈដែលអ្នកទិញសំបុត្រពេញមួយរដូវកាលរបស់ Inter Miami នឹងអាចចូលទស្សនាពិធីស្វាគមន៍ដ៏ពិសេសមួយនេះ ដោយឥតគិតថ្លៃ។
នៅក្នុងបទសម្ភាសមួយពីទូរទស្សន៍អាហ្សង់ទីន Messi បាននិយាយថា រូបគេនឹងផ្តល់គ្រប់យ៉ាងសម្រាប់ក្លិប Inter Miami ដែលឥឡូវនេះ បានបំបែកកំណត់ត្រាអាក្រក់ ដោយមិនអាចរកជ័យជម្នះបាន ១០ប្រកួតជាប់ៗគ្នា បន្ទាប់ពីលទ្ធផលស្មើ ២-២ កាលពីថ្ងៃអាទិត្យសប្តាហ៍មុនជាមួយនឹងក្រុម DC United ។
ក្លិប Inter Miami មិនទាន់បានធ្វើការចុះហត្ថលេខាជាផ្លូវការនៅឡើយទេ បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងជាមួយ Messi ដែលបានចំណាយពេល ២រដូវកាលជាមួយក្លិប PSG ម្ចាស់ជើងឯកលីគកំពូលបារាំង Ligue 1 ក្រោយចាកចេញពីក្លិប FC Barcelona។
ជាមួយគ្នានោះ ក្លិប Inter Miami ដែលមានលោក David Beckham អតីតកំពូលខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសនិងជាសហម្ចាស់ក្លិបនោះ បានកំណត់គោលយកការប្រកួត League Cup នៅថ្ងៃទី២១ ខែកក្កដា ខាងមុនរបស់ខ្លួនជាមួយនឹងក្រុម Cruz Azul ដើម្បីជាថ្ងៃបង្ហាញខ្លួនប្រកួតដំបូងរបស់ Lionel Messi៕