×

ខ្សែបម្រើ N’Golo Kante នឹងអវត្តមានការប្រកួតរវាង Chelsea ទល់នឹង Juventus ដោយសារឆ្លងកូវីដ១៩

ខ្សែបម្រើ N’Golo Kante បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ដែលធ្វើឱ្យរូបគេនឹងខកខាន ការប្រកួតរវាង Chelsea ទល់នឹង Juventus នៅ UEFA Champions League ជុំទី២ ពូល H ។

ការរកឃើញឆ្លងជំងឺខាងលើ នាំឱ្យកីឡាករវ័យ៣០ឆ្នាំ ត្រូវធ្វើការដាក់ខ្លួនដាច់ដោយឡែករយៈពេល១០ថ្ងៃ។ នេះមានន័យថា ក្រៅពីអវត្តមានការប្រកួតទល់នឹង Juventus ហើយ N’Golo Kante ក៏នឹងអវត្តមាន ការប្រកួតរបស់ Chelseas នៅ Premier League ទល់នឹង Southampton នៅចុងសប្តាហ៍នេះ រួមទាំងការប្រកួតរបស់ក្រុមជម្រើសជាតិបារាំងទល់នឹងបែលហ្ស៊ីកនៅ UEFA Nations League វគ្គ៤ក្រុមចុងក្រោយ ថ្ងៃទី៧ ខែតុលាខាងមុខផងដែរ។

ទាក់ទិននឹងរឿងឆ្លងកូវីដ១៩របស់ N’Golo Kante នេះដែរ លោក Thomas Tuchel គ្រូបង្គោល Chelsea បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងនិងថា “ខ្ញុំមិនដឹងថាកីឡាករប៉ុន្មាននាក់ទេដែលបានចាក់វ៉ាក់សាំង ពួកគេធំៗអស់ហើយគឺមានសិទ្ធិសម្រេចដោយខ្លួនឯង។ ខ្ញុំមិនបានខឹង Kante ទេ គឺខ្ញុំខ្វល់ខ្វាយពីគេ នឹងចង់អោយគេមានសុខភាពល្អវិញដែរ។”
ដោយឡែក ក្រៅពី N’Golo Kante ហើយ Chelsea ក៏នឹងអវត្តមានកីឡាករ៣រូបទៀតដែរគឺ Christian Pulisic,Mason Mount,និង Reece James ដោយសាររបួស។

សូមបញ្ជាក់ថា ទាំង Chelsea និង Juventus បានទទួលជ័យជំនះដូចគ្នា នៅក្នុងការប្រកួត ជុំទី១ កាលពីពេលកន្លងទៅ ដោយ Chelsea ឈ្នះ Zenit Saint Petersburg ១-០ រីឯ Juventus ឈ្នះ Malmö ៣-០។ សម្រាប់ការប្រកួតជុំទី២រវាងក្រុមទាំង២វិញ នឹងធ្វើឡើងនាយប់នេះ នាទឹកដី Allianz Stadium៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង