×

ខ្សែប្រយុទ្ធ Cristiano Ronaldo ថា ខ្លួនមិនវិលទៅចូលរួមក្លិបនៅអឺរ៉ុបវិញទេ

ខ្សែប្រយុទ្ធ Cristiano Ronaldo បានអះអាងថា ខ្លួននឹងមិនវិលត្រឡប់ ទៅចូលរួមជាមួយក្លិប បាល់ទាត់តំបន់អឺរ៉ុបវិញនោះទេ។

ការលើកឡើងរបស់កីឡាករសញ្ជាតិព័រទុយហ្គាល់ បន្ទាប់ពីការប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មី រវាងក្រុម Al Nassr និង Celta Vigo ដោយពួកគេរងបរាជ័យលទ្ធផល ៥-០ ។ ក្រោយបញ្ចប់ការប្រកួត អតីតកីឡាករ Manchester United, Real Madrid និង Juventus បានអះអាងថា នឹងមិនវិលត្រលប់ទៅកាន់ការប្រកួតប្រជែង ក្នុងក្លិបបាល់ទាត់តំបន់អឺរ៉ុបវិញឡើយ។

Ronaldo បាននិយាយដូច្នេះថា៖ “ខ្ញុំនឹងមិនវិលត្រលប់ទៅកាន់បាល់ទាត់តំបន់អឺរ៉ុបវិញឡើយ អ្នកអាចបំភ្លេចវាទៅ។ ទ្វារបានបិទរួចរាល់ហើយ ចំពោះការវិលត្រលប់របស់ខ្ញុំ។ ខ្ញុំអាយុ៣៨ឆ្នាំហើយ ហើយបាល់ទាត់អឺរ៉ុបនាពេលបច្ចុប្បន្ន គឺបាត់បង់គុណភាពហើយ។”

រូបគេក៏បានលើកឡើងអំពីការធ្លាក់គុណភាព នៃលីគបាល់ទាត់តំបន់អឺរ៉ុបថា មានតែក្របខណ្ឌ Premier league មួយគត់ ដែលជាលីគដ៏ខ្លាំង ហើយពួកគេនៅតែធ្វើបានល្អ ដែលជាហេតុ Premier league នៅតែជាលីគស្ថិតនៅកម្រិតកំពូល។

ទៅចូលរួមជាមួយក្រុម Al-Nassr ជាមួយកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះ បន្ទាប់ពីបានចាកចេញពី Man UTD ក្រោយផ្តាច់កិច្ចសន្យា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ Ronaldo បង្ហាញវត្តមាននៅ Al-Nassr ដោយរូបគេរកបាន ១៤គ្រាប់ ពីការបង្ហាញខ្លួន១៩ប្រកួត។

Ronaldo ដំបូងឡើយ ក៏បានសម្លឹងរកមើលការផ្លាស់ទៅកាន់ទឹកដីអាមេរិកលីគ Major League Soccer ដែលជាទីកន្លែងអតីតគូប្រជែងរបស់គេ ទើបតែបានផ្លាស់ទៅក្លិប Inter Miami គឺ Lionel Messi បានទៅចូលរួម តែគេបានលើកសរសើរលីគក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ថាល្អជាង MLS៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង