ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំដំបូងរបស់ Bayern Munich មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពី ក្រុមជើងឯកអាល្លឺម៉ង់នេះ បានលត់ទៅលើក្រុម Rottach-Egern ដែលមកពីលីគមិនអាជីព ឬលីគលំដាប់ទី៩ ដោយលទ្ធផល ២៧-០ ។
សម្រាប់លទ្ធផលមិនធ្លាប់មាននេះ លោក Thomas Tuchel អ្នកចាត់ការទូទៅរបស់ Bayern Munich បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងសម្រាប់ការបង្ហាញរបស់កូនក្រុមរបស់គាត់។
ក្រោយចប់ការប្រកួត លោក Tuchel បាននិយាយថា៖ “ពួកយើងយល់ចិត្តគ្នាជាងមុនច្រើនណាស់ នេះក៏ដោយសារការប្រឹងប្រែង។ ឆ្លងកាត់ការតស៊ូ និងជម្នះឧបសគ្គកន្លងមក គ្រប់គ្នាបានត្រៀមខ្លួនជាស្រេច។ ថ្ងៃនេះជាថ្ងៃល្អណាស់។ ឥឡូវ យើងនៅសល់រយៈពេលហ្វឹកហាត់តែថ្ងៃស្អែក និងថ្ងៃព្រហស្បតិ៍ប៉ុណ្ណោះនៅទីនេះ”។
កីឡាករចំនួន ១៣នាក់ បានចែកគ្នាស៊ុតគ្រាប់ឱ្យ Bayern ក្នុងនោះមាន Jamal Musiala, Mathys Tel និង Marcel Sabitzer ដែលរកបានម្នាក់ ៥គ្រាប់។
កីឡាករ Serge Gnabry រកបាន៣គ្រាប់ ហើយកីឡាករ Alphonso Davies, Konrad Laimer, Noussair Mazraoui, Dayot Upamecano, Leroy Sane, Raphael Guerreiro, Ryan Gravenberch, Kingsley Coman និង Sadio Mane រកគ្រាប់បាល់ផងដែរក្នុងការប្រកួតនេះ។
លទ្ធផល ១៨-០ បានបញ្ចប់នៅមុនកញ្ចែរបញ្ចប់វគ្គទីមួយ ហើយក្រុម Rottach-Egern ត្រូវបាន Bayern ស៊ុតបន្ថែម ៩គ្រាប់ នៅក្នុង ៤៥នាទីចុងក្រោយ។
គួរបញ្ជាក់ថា Bayern Munich ធ្លាប់បានយកឈ្នះ Rottach-Egern ក្នុងលទ្ធផល ២៣-០ កាលពីឆ្នាំ២០១៩៕