×

សហម្ចាស់ផ្ទះអូស្ត្រាលីអំពាវនាវឱ្យមានសមភាពប្រាក់រង្វាន់នៅ FIFA World Cup

ក្រុមបាល់ទាត់ជម្រើសជាតិនារីអូស្ត្រាលី បានអំពាវនាវឱ្យមានសមភាពតម្លៃប្រាក់រង្វាន់នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកព្រឹត្តិការណ៍ FIFA World Cup ទាំងក្រុមបុរស និងក្រុមស្ត្រី។

កាលពីឆ្នាំ ២០១៥ ក្រុមនារីអូស្ត្រាលី បានទាមទារតម្លៃប្រាក់ឈ្នួលឱ្យល្អប្រសើរ ដូចទៅនឹងបរិមាណដែលក្រុមជម្រើសជាតិបុរសអូស្ត្រាលីទទួលបាន នៅពេលពួកគេត្រូវបំពេញបេសកកម្មប្រកួតពានរង្វាន់អន្តរជាតិនានា ហើយនៅឆ្នាំ២០១៩ អូស្ត្រាលីបានផ្តល់ទាំងក្រុមបុរស និងនារីនូវប្រាក់រង្វាន់ស្មើគ្នា។

សម្រាប់ការប្រកួតព្រឹត្តិការណ៍ Women’s World Cup 2023 ដែលប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ ដែលធ្វើជាសហម្ចាស់ផ្ទះ មានប្រាក់រង្វាន់ប្រមាណ ១១០លានដុល្លារ ដែលកើនឡើង ៣ដង បើធៀបទៅនឹងតម្លៃប្រាក់រង្វាន់ក្នុងឆ្នាំ២០១៩។ ប្រាក់រង្វាន់នេះ FIFA បានរំពឹងថា កីឡាការិនីមួយរូប នឹងទទួលបានប្រាក់រង្វាន់ក្នុងម្នាក់យ៉ាងហោចណាស់ ៣ម៉ឺនដុល្លារ ប្រសិនបើក្រុមធ្លាក់ត្រឹមវគ្គចែកពូល ហើយ FIFA ជាអ្នកផ្តល់ប្រាក់រង្វាន់នេះដោយផ្ទាល់។ រីឯកីឡាការិនីក្នុងក្រុមម្ចាស់ជើងឯក អាចទទួលបានប្រាក់រង្វាន់ក្នុងម្នាក់ ប្រមាណជាង ២៧ម៉ឺនដុល្លារ។

យ៉ាងណា តម្លៃនេះនៅតែទាបជាងតម្លៃប្រាក់រង្វាន់នៃការប្រកួត FIFA World Cup 2022 នៅប្រទេសកាតា ៣ដង ដោយប្រាក់រង្វាន់នៃព្រឹត្តិការណ៍សរុបទាំងមូល ប្រមាណ ៤៤០លានដុល្លារ។ FIFA ក៏កំពុងសម្លឹងរកការបង្កើនតម្លៃប្រាក់រង្វាន់ នៅលើការប្រកួតក្រុមបុរស និងនារី នៅក្នុងព្រឹត្តិការណ៍ World Cup ក្នុងឆ្នាំ២០២៦ និង២០២៧ ឱ្យមានភាពស្មើគ្នាដែរ។

មុនពេល Women’s World Cup 2023 មកដល់ កីឡាការិនីមកពីក្រុមនារីអង់គ្លេស កាណាដា និងនីហ្សេរីយ៉ា កំពុងមានជម្លោះជាមួយនឹងសហព័ន្ធរៀងៗខ្លួន ជុំវិញថ្លៃប្រាក់ឈ្នួល មុនពេលទៅប្រកួតនៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកនារី FIFA Women’s World Cup 2023 នឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី ២០ ខែកក្កដា ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៣ ដោយមានប្រទេសអូស្ត្រាលី និង នូវែលហ្សេឡង់ ជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង