×

អត្តពលិកកម្ពុជាលើ១២ប្រភេទកីឡា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នគរបាលនិងកងពន្លត់អគ្គិភ័យពិភពលោកលើកទី២០ នៅកាណាដានាចុងខែកក្កដា

បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានត្រៀមកីឡាចំនួន ១២ប្រភេទ មានដូចជា កីឡាវាយសី វាយកូនឃ្លីលើតុ យូដូ ជឺជីតស៊ូ ហែលទឹក ការ៉ាតេ បាល់ទះក្នុងសាល បាល់ទះឆ្នេរខ្សាច់ ចំបាប់ ចំបាប់កាច់ដៃ Bench Press, Push Pull Lifting ដើម្បីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ នៅប្រទេសកាណាដា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងកិច្ចប្រជុំនេះសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ-កីឡាការិនី នៅមជ្ឈមណ្ឌលកីឡាក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១៩ខែកក្កដា ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំទៅកាន់កីឡាករ-កីឡាការិនីទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ទៅលើបញ្ហាសុខភាព ខណៈប្រទេសកាណាដា គឺជាប្រទេសដែលមានអាកាសធាតុត្រជាក់។ លើសពីនេះ ឯកឧត្តម ក៏បានផ្ដាំផ្ញើអត្តពលិកទាំងអស់ត្រូវរក្សាភាពថ្លៃថ្នូរ ទាំងក្នុងការប្រកួត និងក្រៅការប្រកួត ក្នុងនាមជាកីឡាករ-កីឡាការិនីតំណាងឱ្យកម្ពុជា។

ឯកឧត្តមប្រធានគណៈអធិបតី ក៏បានសង្កត់ធ្ងន់ទៀតថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ លើកទឹកចិត្តជារឿយៗដល់អត្តពលិកក្រសួងមហាផ្ទៃ ជាក់ស្ដែងនៅថ្ងៃស្អែកសម្តេចនឹងអនុញ្ញាតដល់ប្រតិភូ និងកីឡាករ-កីឡាការិនីទាំងអស់បានចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ជាប្រទីបបង្ហាញផ្លូវឈានឆ្ពោះទៅរកជ័យជម្នះ ក៏ដូចជាការបង្កើនទំនុកចិត្តបន្ថែមទៀត មុននឹងចាកចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង