×

ប្រធាន FIFA ថា នឹងផ្តោតតែលើរឿងវិជ្ជមានក្នុងព្រឹត្តិការណ៍ Women’s World Cup 2023

ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បាននិយាយថា លោកចង់ផ្តោតតែលើការនិយាយរឿងវិជ្ជមាន អំឡុងការប្រកួត Women’s World Cup 2023 នៅពេលលោកត្រូវសួរនាំ អំពីបញ្ហារឿងប្រាក់រង្វាន់មិនស្មើគ្នា នៃការប្រកួតរវាងបុរស និងស្រ្តី។

ជាការពិត ក្រុមបាល់ទាត់ជម្រើសជាតិនារីអូស្ត្រាលី បានរិះគន់ចំពោះភាពមិនស្មើគ្នា នៃតម្លៃប្រាក់រង្វាន់ រវាងបាល់ទាត់ស្រ្តី និងបុរស ហើយថែមទាំងបង្ហាញថា ក្រុមបាល់ទាត់នារីមួយចំនួន ដែលមកប្រកួត មិនទទួលបាននូវប្រាក់រង្វាន់ ដូចតាមតែការសន្យា ពីសំណាក់សហព័ន្ធរបស់ពួកគេទេ។

នៅពេលត្រូវបានសួរនាំអំពីបញ្ហាដែលកំពុងកើតមាន នៅក្នុងពេលការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនារី ជិតមកដល់ ប្រធាន FIFA រូបនេះបាននិយាយថា មិនចង់និយាយអំពីរឿងរ៉ាវអវិជ្ជមាន ក្នុងពេលប្រកួតឡើយ។

លោក Infantino បានថ្លែងដូច្នេះថា៖ “វាជិតដល់ពេលនៃកម្មវិធីបើកការប្រកួត ព្រឹត្តិការណ៍ Women’s World Cup ហើយសម្រាប់ខ្ញុំពេលនេះ ខ្ញុំចង់ផ្តោតតែលើភាពវិជ្ជមាន នៃការប្រកួតតែប៉ុណ្ណោះ។”

ដោយឡែក កាលពីការប្រកួតបាល់ទាត់ពិភពលោកផ្នែកបុរស World Cup 2022 នៅប្រទេសកាតា ក៏បានរងភាពអវិជ្ជមាន និង ការរិះគន់យ៉ាងច្រើនផងដែរ។ ជាក់ស្តែង មុនពេលប្រកួតមកដល់ អង្គការសិទិ្ធមនុស្សពិភពលោក ក៏ដូចជាអង្គការពលកម្មពិភពលោក និងស្ថាប័នអ្នកស្រលាញ់ភេទដូចគ្នា បានរិះគន់ចំពោះការរៀបចំការប្រកួត កីឡាបាល់ទាត់ពិភពលោកយ៉ាងខ្លាំង។

ការរិះគន់ក៏បានផ្តោតទៅលើការស្លាប់បាត់បង់ជីវិតរបស់កម្មករសាងសង់កីឡដ្ឋានជាង ៦ពាន់នាក់ និងទៅលើការរើសអើង ព្រមទាំងហាមឃាត់ចំពោះអ្នកស្រលាញ់ភេទដូចគ្នា អំឡុងការប្រកួតក្នុងប្រទេសកាតា ជាប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា ដែលកាន់សាសនាឥស្លាម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង