អ្នករៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ បានដាក់ដំណើរការសាកល្បងទូកចំនួន ៣៩គ្រឿង តាមដងទន្លេសែន ចម្ងាយ ៦គីឡូម៉ែត្រពីស្ពាន Austerlitz ទៅកាន់ទីតាំងប៉ម Eiffel Tower។ សាកល្បងទូកតាមទន្លេសែនប៉ារីស ដើម្បីត្រៀមខ្លួនរៀបចំកម្មពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ទីក្រុងប៉ារីសឆ្នាំ ២០២៤។
កម្មវិធីបើកអូឡាំពិកប៉ារីស ២០២៤ ត្រូវបានគេរំពឹងថា នឹងមានចំនួនមនុស្សចូលរួមទស្សនាប្រមាណ ៦សែននាក់ និងមើលឃើញការធ្វើដំណើរតាមដងទន្លេ នៃកម្មវិធីបើកដែលមានការបង្ហាញតាមទូកចំនួន ៥០។ កម្មវិធីបើក Paris 2024 នឹងក្លាយជាកម្មវិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក លើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលនឹងធ្វើឡើងនៅក្រៅកីឡដ្ឋាន។
បើតាមគណៈកម្មាធិការរៀបចំអូឡាំពិកលោក Tony Estanguet បានឱ្យដឹងថា៖ “យើងបានចាប់ផ្តើមសិក្សាតាមបច្ចេកទេស។ យើងកំពុងតែព្យាយាមធ្វើអ្វីមួយដែលប្លែក។ បើអ្នកចង់ឱ្យមនុស្សគ្រប់គ្នា ចងចាំព្រឹត្តិការណ៍កីឡានេះ អ្នកត្រូវតែបង្កើតនូវអ្វីដែលមិនធ្លាប់មានពីមុនមក។”
លោក Estanguet បានអះអាងបន្ថែមទៀត អំពីការធ្វើតេស្តសាកល្បងនេះ ដើម្បីដឹងពីពេលវេលា ក្នុងការធ្វើដំណើរតាមទូក ក៏ដូចជាការដោះស្រាយបញ្ហាលើម៉ាស៊ីនទូកអំឡុងពេលព្រឹត្តិការណ៍កម្មវិធីបើក។
បើតាមសម្តីអ្នករៀបចំដដែល ផ្នែកខាងក្រោមនៃច្រាំងទន្លេ នឹងត្រូវដាក់លក់សំបុត្រ នោះអ្នកទស្សនានឹងមានឱកាសក្នុងការចូលទៅកាន់ផ្នែកខាងលើដោយឥតគិតថ្លៃ ដើម្បីទស្សនាកម្មវិធីបើក។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ នឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ដោយមានការប្រកួត ៣២៩វិញ្ញាសា លើកីឡា ៣២ប្រភេទ៕