ខ្សែប្រយុទ្ធ Neymar កំពុងមានភាពមិនច្បាស់លាស់ចំពោះអនាគតរបស់ខ្លួន ជាមួយក្លិប Paris Saint Germain បន្ទាប់ពីការខកចិត្តនៅរដូវកាលមុនរួច។ ចុងរដូវកាល ២០២២-២៣ កីឡាករប្រេស៊ីល រងរបួសកជើង ហើយខកខានបង្ហាញខ្លួនឱ្យ PSG រហូតបញ្ចប់រដូវកាល។
រដូវកាល ២០២២-២៣ កន្លងទៅ Neymar បានខកខានការប្រកួតចំនួន ១៤លើក ហើយគេបានបង្ហាញខ្លួនត្រឹមតែ២៩ប្រកួតប៉ុណ្ណោះនៅរដូវកាលមុន។ នាពេលបច្ចុប្បន្ន រូបគេហាក់បាត់បង់ភាពល្បីល្បាញរបស់ខ្លួន ក៏ដូចជាការចាប់អារម្មណ៍រពីអ្នកគាំទ្រ PSG។ នៅក្រៅបរិវេណផ្ទះរបស់ Neymar នាទីក្រុងប៉ារីស អ្នកគាំទ្រជាច្រើន បានទាមទារឱ្យ Neymar ចាកចេញពីក្លិប។
កាលពីឆ្នាំ ២០២០ Neymar ធ្លាប់បានបង្ហើបថា រូបគេសម្លឹងមើលឱកាសចូលរួមជាមួយ Inter Miami នាពេលអនាគត។ កីឡាករវ័យ ៣១ឆ្នាំ បានអះអាងថា ខ្លួនធ្លាប់បាននិយាយជាមួយ លោក David Beckham ដែលជាម្ចាស់ក្លិបមួយចំណែក ថារូបគេ នឹងផ្លាស់ទៅនាអនាគត។
ដោយឡែក អតីតមិត្តរួមក្រុមរបស់ Neymar គឺខ្សែប្រយុទ្ធ Lionel Messi បានចូលរួមរាល់ជាមួយនឹង Inter Miami រួចហើយដោយបានបង្ហាញខ្លួនលើកដំបូង ចំពោះមុខអ្នកគាំទ្រប្រមាណ ២ម៉ឺននាក់។ នាការបង្ហាញខ្លួននោះ អតីតមិត្តរួមក្រុមរបស់ Messi នៅ Barcelona កីឡាករ Sergio Busquets ក៏បានផ្លាស់ទៅលេងនៅក្លិប Inter Miami ផងដែរ។
យ៉ាងណា មូលហេតុចម្បងនៃការផ្លាស់ទៅកាន់ទឹកដីអាមេរិករបស់ Messi ត្រូវបានគេរាយការណ៍ថា កើតចេញពីការជំរុញទឹកចិត្តពីកីឡាករ Neymar ដែលជាមិត្តរួមក្រុមនៅ PSG ដែរ។ មិនតែប៉ុណ្ណោះ កីឡាករប្រេស៊ីលរូបនេះ ក៏មានផ្ទះនៅក្នុងរដ្ឋ Miami ដែរ ជាទីកន្លែងដែលរូបគេប្រើពេលលំហែកាយ ពេលសម្រាកពីការប្រកួត៕