×

ហ្វីលីពីនរងបរាជ័យក្រោមថ្វីជើង ស្វីស សម្រាប់ការបង្ហាញខ្លួនដំបូងនៅWomen’s World Cup

ក្រុមកីឡាការិនីជម្រើសជាតិហ្វីលីពីន បានទទួលបរាជ័យក្រោមថ្វីជើងរបស់ក្រុមស្វីសដោយលទ្ធផល ០-២ នៅកីឡដ្ឋាន Dunedin ក្នុងការប្រកួតទីមួយក្នុងពូល A នាថ្ងៃសុក្រនេះ ខណៈវាជាការបង្ហាញខ្លួនលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ្វីលីពីនផ្នែកនារី នៅក្នុងព្រឹត្តិការណ៍ FIFA Women’s World Cup ។

ស្វីសបានទទួលបាល់ពិន័យ១១ម៉ែត្រដោយ VAR បន្ទាប់ពី Jessika Cowart បានបង្កកំហុសលើខ្សែបម្រើ Coumba Sow ក្នុងប្រអប់ នៅចុងវគ្គទីមួយ ដោយខ្សែប្រយុទ្ធ Bachmann ជាអ្នកស៊ុតផុតដៃអ្នកចាំទី Olivia McDaniel ។

ហ្វីលីពីន ត្រូវបានបដិសេធដោយអាជ្ញាកណ្ដាល នៅពេលដែលការស៊ុតរបស់ខ្សែបម្រើ Katrina Guillou គឺជាបាល់ Offside ។ ស្វ៊ីសបានគ្រប់គ្រងក្នុងវគ្គទីពីរ និងបានស្វែងរកគ្រាប់បាល់នាំមុខទីពីរ តាមរយៈខ្សែបម្រើ Piubel នៅនាទីទី៦៤។

គួរឱ្យសម្គាល់ថា មានកៅអីទំនេរច្រើននៅក្នុងពហុកីឡដ្ឋានដែលមានសមត្ថភាពផ្ទុកចំនួន ៣ម៉ឺននាក់ ទោះបីជា FIFA បានចែកសំបុត្រឥតគិតថ្លៃចំនួន ២ម៉ឺនសន្លឹក សម្រាប់ទស្សនាការប្រកួតនៅទីក្រុង Auckland, Hamilton, Wellington និង Dunedin ចំពេលមានការព្រួយបារម្ភអំពីការលក់សំបុត្រយឺត នៅក្នុងប្រទេសនូវែលហ្សេឡង់ក៏ដោយ។

ស្វីស ឈរនៅកំពូលក្នុងពូល A នាំមុខក្រុមម្ចាស់ផ្ទះនូវែលហ្សេឡង់ ដែលបានយកឈ្នះន័រវេស ១-០ កាលពីម្សិលមិញ។ ចំណែក ហ្វីលីពីន ឈរនៅលេខ៤ ដោយសាររបូតគ្រាប់បាល់ច្រើនជាងន័រវែស។

គួរបញ្ជាក់ថា ក្រុមមកពីអាស៊ីអាគ្នេយ៍ពីរបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកផ្នែកនារី នៅឆ្នាំនេះ ពោលគឺក្រុមកីឡាការិនីជម្រើសជាតិហ្វីលីពីន និង វៀតណាម។

បន្ទាប់ពីបរាជ័យរបស់ហ្វីលីពីន ក្រុមកីឡាការិនីជម្រើសជាតិវៀតណាមនឹងជួបជាមួយក្រុមការពារតំណែងជើងឯកពិភពលោក សហរដ្ឋអាមេរិក នាថ្ងៃសៅរ៍ ទី២២ ខែកក្កដា វេលាម៉ោង ៨ ព្រឹក (ម៉ោងនៅកម្ពុជា) សម្រាប់ការប្រកួតដំបូង ក្នុងពូល E ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង