×

គ្រូរបស់ក្រុមវៀតណាមថា ពួកគេមិនមែនជាភ្ញៀវទេសចរនៅព្រឹត្តិការណ៍Women’s World Cupឡើយ

លោក Mai Duc Chung គ្រូបង្វឹករបស់ក្រុមកីឡាការិនីជម្រើសជាតិវៀតណាម បាននិយាយថា វៀតណាមនឹងមិនឱ្យគេចាត់ទុកពួកគេជាភ្ញៀវទេសចរ នៅក្នុងព្រឹត្តិការណ៍ World Cup លើកដំបូងរបស់ពួកគេនោះទេ ប៉ុន្តែវាគឺជាការលំបាកខ្លាំងមួយនៅពេលដែលពួកគេត្រូវប៉ះក្រុមកីឡាការិនីជម្រើសជាតិអាមេរិក ដែលជាក្រុមការពារតំណែងជើងឯក ក្នុងការប្រកួតដំបូងនៅពូល E នាថ្ងៃស្អែក។

លោក Chung បាននិយាយក្នុងសន្និសីទសារព័ត៌មានក្នុងប្រទេសនូវែលហ្សេឡង់ កាលពីថ្ងៃសុក្រថា៖ “ជាធម្មតាទេ យើងមិនចង់ប្រកួតជាមួយសហរដ្ឋអាមេរិក ឬហូឡង់ទេ។”

វៀតណាមនឹងចាប់ផ្ដើមការប្រកួតដំបូងរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ FIFA Women’s World Cup ឆ្នាំ២០២៣ ទល់នឹងអាមេរិក ដែលត្រូវបានគ្រូបង្វឹករបស់ក្រុមវៀតណាមចាប់ទុកជាការប្រកួតជាប្រវត្តិសាស្ត្រ ដែលត្រូវបានអ្នកគាំទ្រវៀតណាមរង់ចាំជាយូរមកហើយ។

បន្ទាប់មក ក្រុមវៀតណាមនឹងប្រកួតជាមួយព័រទុយហ្គាល់ នៅក្នុងការប្រកួតជាលើកដំបូងរបស់ក្រុមទាំងពីរនៅថ្ងៃទី២៧ ខែកក្កដា និងក្រុមហូឡង់ ដែលជាជើងឯករងឆ្នាំ២០១៩ នៅថ្ងៃទី១ ខែសីហា។

លោក Chung បាននិយាយថា គាត់មិនមានការរំពឹងទុកខ្ពស់ពេកទេ ប៉ុន្តែមានការរំភើបរីករាយក្នុងការសាកល្បងទម្រង់លេង និងស្មារតីរបស់ពួកគេ។ គាត់បាននិយាយថា៖ “ក្រុមអាមេរិកមានប្រៀបជាងយើង ប៉ុន្តែយើងមិនបានមកទីនេះដើម្បីធ្វើជាភ្ញៀវទេសចរនោះទេ។ អាមេរិកប្រៀបដូចជាភ្នំដ៏ខ្ពស់មួយ ប៉ុន្តែយើងនឹងមិនខ្លាចនឹងឡើងភ្នំនេះទេ។ វៀតណាមនឹងមានកលល្បិចសមហេតុផល។ គោលដៅដំបូងរបស់យើងគឺរក្សាសំណាញ់ទីកុំឱ្យរបូតគ្រាប់បាល់ច្រើន និងជៀសវាងការរងរបួស។ ប្រសិនបើយើងអាចរកគ្រាប់បាល់បាន វាពិតជាអស្ចារ្យណាស់”។

គ្រូបង្វឹកវ័យ ៧២ ឆ្នាំរូបនេះ បាននិយាយថាគាត់មានមោទកភាពក្នុងការតំណាងឱ្យប្រទេសវៀតណាមក្នុងព្រឹត្តិការណ៍ World Cup ទោះបីជាវាជាបទពិសោធសម្រាប់រៀនសូត្រក៏ដោយ។ លោកបានបន្ថែមថា អាស៊ីអាគ្នេយ៍គួរមានមោទកភាពដែលមានក្រុមពីរតំណាងឱ្យតំបន់ក្នុងការប្រកួតនេះ។

ប្រទេសវៀតណាម បានទៅដល់ប្រទេសនូវែលហ្សេឡង់ប្រហែលពីរសប្តាហ៍ ដើម្បីបន្ស៊ាំនឹងអាកាសធាតុ ទីលាន និងស្ថានភាពរស់នៅ។ ក្នុងអំឡុងពេលនេះ ពួកគេបានរងបរាជ័យក្នុងការប្រកួតមិត្តភាពជាមួយក្រុមនូវែលហ្សេឡង់ដោយលទ្ធផល ២-០ និង អេស្ប៉ាញ ដោយលទ្ធផល ៩-០ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង