យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាចុងខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើតាមប្រសាសន៍របស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ កាលពីថ្ងៃទី២៨ ខែកញ្ញា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា អង្គប្រជុំខាងលើ បានលើកឡើងអំពីការត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ” បន្ទាប់ពីសមិទ្ធផលប្រវត្តិសាស្ដ្រដ៏អស្ចារ្យនេះ ត្រូវបានរៀបចំពិធីប្រគល់-ទទួលលក្ខណៈបច្ចេកទេសរួចរាល់ កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ។ ដូច្នេះពិធីសម្ពោធនេះ តាមគម្រោងនឹងរៀបចំនៅចុងខែវិច្ឆិកាខាងមុខ។
លោកអគ្គលេខាធិការមានប្រសាសន៍ថា៖ “ដោយមានការណែនាំផ្ទាល់ពីឯកឧត្តមបណ្ឌិត ថោង ខុន ពិធីសម្ពោធនេះ គឺធ្វើយ៉ាងណាឱ្យសក្ដិសមទៅនឹងហេដ្ឋារចនាសម្ព័ន្ធដ៏មហិមា និងសក្ដិសមជានិមិត្តរូប នៃចំណងមិត្តភាពដែកថែបដ៏យូរអង្វែងរវាងកម្ពុជា-ចិន។ អញ្ចឹងកម្មវិធីនេះ មានទាំងកម្មវិធីសិល្បៈវប្បធម៌ផង មានទាំងកម្មវិធីកីឡាផង ដែលយើងកំពុងស្វែងរកនូវប្រភេទកីឡាណា ដែលអាចប្រកួតជាមិត្តភាពកម្ពុជា-ចិនបាន”។
“ដូច្នេះឥលូវនេះ យើងកំពុងរៀបចំគណៈកម្មការរៀបចំពិធីសម្ពោធនេះ ដែលគ្រោងរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហើយនិងធ្វើឱ្យកម្មវិធីនេះ ក្លាយទៅជាព្រឹត្តិការណ៍មួយ ដែលបើកផ្លូវឆ្ពោះទៅរកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់យើង។ ឯកឧត្តមបណ្ឌិត ថោង ខុន បញ្ជាក់ហើយបញ្ជាក់ទៀតថា យើងរួសរាន់ធ្វើឲ្យទាន់ពេលវេលា និងធ្វើឱ្យមានប្រសិទ្ធភាព ហើយធ្វើឱ្យត្រឹមត្រូវតាមកិត្តិយសនៃមរតកដ៏មហាសាលនេះ”។ លោក វ៉ាត់ ចំរើន បានបន្ថែម។
សូមរំឮកថា កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានរៀបចំពិធីប្រគល់-ទទួល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន។
វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ «ខ្សែក្រវ៉ាត់ និងផ្លូវ» ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ប្រមាណ ១៥០លានដុល្លារអាមេរិក។
សំណង់ប្រវត្តិសាស្ដ្រដ៏មហាអស្ចារ្យនេះ បានសាងសង់លើផ្ទៃដី ១៦,៤ហិកតា ផ្ទៃក្រឡាសំណង់អាគារ ៨៦.០០០ម៉ែត្រការ៉េ ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៦ម៉ឺនកៅអី ហើយសមិទ្ធផលស្ដង់ដាអន្ដរជាតិនេះ នឹងក្លាយជាទីតាំងដ៏សំខាន់ សម្រាប់ត្រៀមរៀបចំពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕
ប្រភពអត្ថបទ ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)