Jordi Alba បានចូលរួមជាមួយអតីតមិត្តរួមក្រុម Barcelona របស់គេ ពោលគឺ Lionel Messi និង Sergio Busquets នៅក្លិប Inter Miami នៅក្របខណ្ឌ Major League Soccer នៃសហរដ្ឋអាមេរិក។
ខ្សែការពារសញ្ជាតិអេស្ប៉ាញវ័យ ៣៤ ឆ្នាំរូបនេះ បានចុះកិច្ចសន្យារហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៤ នៃក្របខណ្ឌ Major League Soccer ជាមួយនឹងជម្រើសបន្ថែម១ឆ្នាំរហូតដល់ឆ្នាំ២០២៥។
Alba បានចាកចេញពី Barcelona នៅទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ បន្ទាប់ពីរស់នៅទីនេះរយៈពេល ១១ឆ្នាំជាមួយក្លិបយក្សអេស្ប៉ាញ។ លោក Chris Henderson នាយកផ្នែកកីឡារបស់ Inter Miami បាននិយាយថា៖ “យើងដឹងថាគាត់នឹងជួយ Inter Miami ឱ្យសម្រេចបាននូវគោលបំណងរបស់ក្លិបនៅរដូវកាលនេះ និងលើសពីនេះ“។
Alba បានជួយ Barcelona ឱ្យឈ្នះជើងឯក La Liga ចំនួន ៦ ដង និងក្របខណ្ឌ Champions League ក្នុងឆ្នាំ២០១៥ ព្រមទាំងជួយឱ្យអេស្ប៉ាញឈ្នះពានរង្វាន់ Euro ឆ្នាំ២០១២ និង Nations League ឆ្នាំ ២០២៣។
ម្ចាស់ជើងឯក World Cup អាហ្សង់ទីន Messi អាយុ ៣៦ឆ្នាំ និងកីឡាករអេស្ប៉ាញ Busquets អាយុ ៣៥ឆ្នាំបានប្តូរទៅកាន់ក្របខណ្ឌ Major League Soccer របស់សហរដ្ឋអាមេរិករួចហើយ។ ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០២៥ ជាមួយក្លិបរបស់លោក David Beckham ។
ម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ Messi បានហ្វឹកហាត់ជាមួយមិត្តរួមក្រុម Inter Miami ជាលើកដំបូងកាលពីថ្ងៃអង្គារ ហើយត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតបើកឆាក Leagues Cup ទល់នឹង Cruz Azul នៅចុងសប្ដាហ៍នេះ។
Alba ដែលបានលេង ៤៥៩ ប្រកួតឱ្យ Barcelona និងលេងបាន ៩៣ ប្រកួតនៅក្រុមជម្រើសជាតិអេស្ប៉ាញ អាចនឹងបង្ហាញខ្លួននៅក្នុងការប្រកួតទល់នឹង Atlanta United នៅប្រកួតបន្ទាប់៕