×

ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal ដាក់សំណើ២៥៩លានផោនសម្រាប់ Mbappe

ក្លិប Al-Hilal របស់អារ៉ាប៊ីសាអ៊ូឌីត មានសិទ្ធិចូលតុពិភាក្សាជាមួយ Kylian Mbappe បន្ទាប់ពីបានធ្វើការដេញថ្លៃក្នុងតម្លៃ ២៥៩លានផោនដែលជាកំណត់ត្រាពិភពលោក សម្រាប់ខ្សែប្រយុទ្ធរបស់ក្លិប Paris St-Germain

ប្រធានក្រុមជម្រើសជាតិបារាំង អាយុ ២៤ ឆ្នាំដែលនៅសល់កុងត្រាមួយឆ្នាំ បានបដិសេធមិនបន្តកុងត្រានៅក្លិបជើងឯកបារាំងឡើយ ហើយមិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្រាប់ដំណើរទស្សនកិច្ចមុនរដូវកាលរបស់ពួកគេទៅកាន់ប្រទេសជប៉ុននោះទេ។

PSG ចង់លក់ Mbappe នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះ ដោយមិនឱ្យខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ ចាកចេញដោយឥតគិតថ្លៃនៅក្នុងទីផ្សារដោះដូរកីឡាករនាចុងបញ្ចប់នៃរដូវកាល ២០២៣២៤ ឡើយ។

បើទទួលបានជោគជ័យ ការផ្ទេររបស់ Mbappe នឹងបំបែកកំណត់ត្រាសម្រាប់ការផ្ទេរតម្លៃ ២០០ លានផោនរបស់ Neymar ពី Barcelona ទៅ PSG ក្នុងឆ្នាំ២០១៧។ Mbappe បានចូលរួមជាមួយ PSG ពីក្លិប Monaco ក្នុងតម្លៃ ១៦៦ លានផោនក្នុងឆ្នាំ២០១៧។

Chelsea, Manchester United, Tottenham Hotspur, Inter Milan និង Barcelona សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍លើ Mbappe ដែលមានបំណងចាកចេញពី PSG ដោយមិនមានតម្លៃផ្ទេរនៅចុងរដូវកាលក្រោយ ហើយ Real Madrid ត្រូវបានរាយការណ៍ថាគឺជាគោលរបស់កីឡាករបារាំងរូបនេះ។

PSG ត្រូវបានរាយការណ៍ថា នឹងបើកភ្លើងខៀវសម្រាប់ការអនុញ្ញាតឱ្យ Mbappe ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ។ ការធ្វើបែបនេះ ត្រូវបានយល់ឃើញថាគឺជាការអនុញ្ញាតឱ្យរូបគេទៅចូលរួមជាមួយ Real Madrid ក្នុងរយៈពេល ១២ ខែ ហើយ PSG អាចទទួលបានចំណូលពីការខ្ចីជើងនេះ។

លោក Nasser Al-Khelaifi ប្រធានក្លិបបារាំងខាងលើ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់គាត់ក្នុងការប្រកាន់ជំហរតឹងតែង ដោយមិនឱ្យ Mbappe ចូលលេងពេញមួយរដូវកាល ប្រសិនបើរូបគេបដិសេធមិនព្រមដោះស្រាយបញ្ហាជាប់គាំងបច្ចុប្បន្ន។

គួរបញ្ជាក់ថា Al-Hilal គឺជាក្លិបមួយក្នុងចំណោមក្លិបដែលគ្រប់គ្រងដោយមូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអូឌីត៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង