ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិហ្វីលីពីន បានយកឈ្នះក្រុមកីឡាការិនីជម្រើសជាតិនូវែលហ្សេឡង់ ដោយលទ្ធផល ១–០ នៅក្នុងការប្រកួតនាថ្ងៃទី២៥ ខែកក្កដានេះ ខណៈក្រុមមកពីតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានកត់ត្រាជ័យជម្នះជាលើកដំបូងមិនធ្លាប់មាននៅក្នុងព្រឹត្តិការណ៍ FIFA Women’s World Cup ។
កីឡាការិនីរបស់ហ្វីលីពីន Sarina Bolden រកបានមួយគ្រាប់គត់ ក្នុងការប្រកួតនៅនាទីទី២៤។ បច្ចុប្បន្ន ហ្វីលីពីន មាន ៣ ពិន្ទុក្នុងពូល A បន្ទាប់ពីការប្រកួតទីមួយ បានប្រកួតចាញ់ក្រុមកីឡាការិនីជម្រើសជាតិស្វីស ដោយលទ្ធផល ២–០ នៅថ្ងៃប្រកួតដំបូង នៃព្រឹត្តិការណ៍ដែលរៀបចំដោយសហម្ចាស់ផ្ទះនូវែលហ្សេឡង់ និងអូស្ត្រាលី។
សូមជម្រាបថា ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិហ្វីលីពីន បានចូលរួមក្នុងការប្រកួតព្រឹត្តិការណ៍ FIFA Women’s World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេផងដែរ។ ហ្វីលីពីន គឺជាក្រុមមួយក្រុមចំណោមក្រុមចំនួនពីរ ដែលមកពីតំបន់អាស៊ីអាគ្នេយ៍ បានប្រកួតនៅក្នុងព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកឆ្នាំ២០២៣នេះ។
ក្រុមជម្រើសជាតិវៀតណាម គឺជាក្រុមមួយទៀតដែលនឹងត្រូវប្រកួតទល់នឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅថ្ងៃទី២៧ ខែកក្កដា។
វៀតណាមបានចាញ់ក្រុមអាមេរិកដែលជាក្រុមការពារតំណែងជើងឯកបាល់ទាត់ពិភពលោកឆ្នាំ២០១៩ ដោយលទ្ធផល ៣–០ ក្នុងការប្រកួតដំបូងនៅពូល E របស់ពួកគេ៕