×

ខ្សែប្រយុទ្ធ Sadio Mane ពិចារណាទៅចូលរួមជាមួយក្លិប Al-Nassr

ខ្សែប្រយុទ្ធ Sadio Mane របស់ Bayern Munich កំពុងតែពិចារណាលើសំណើក្នុងការផ្ទេរទៅកាន់ ក្លិប Al-Nassr នាប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

កីឡាករវ័យ ៣១ឆ្នាំ បានបាត់បង់ប្រជាប្រិយភាពនៅ Bayern Munich បន្ទាប់ពីការបង្ហាញខ្លួននៅរដូវកាលដំបូងមិនសូវបានល្អ ក្រោយផ្ទេរពី Liverpool តម្លៃខ្លួន ៣៥លានផោន រដូវកាលមុន។

Bayern Munich កំពុងតែសម្លឹងការលក់ Sadio Mane ក្រោយពេលគ្រូបង្វឹកលោក Thomas Tuchel បាននិយាយថា កីឡាករសញ្ជាតិសេណេហ្កាល់ បានធ្លាក់ទម្រង់ឆាប់រហ័សជាងការរំពឹងទុក។

Sadio Mane មកដល់ពេលនេះបានជួបពិភាក្សាជាមួយតំណាងក្លិប Al-Nassr តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយដែលបានធ្វើឡើងឡើយ។ ប្រសិនបើ Mane ផ្លាស់ទៅលេងឱ្យ Al-Nassr ពិតមែន នោះគេអាចត្រូវបានចូលរួមលេងជាមួយខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ដែលបានផ្លាស់ទៅកាន់ក្របខណ្ឌ Saudi Pro league កាលពីខែមករា ព្រមទាំងខ្សែការពារប្រេស៊ីល Alex Telles និងខ្សែបម្រើក្រូអាត Marcelo Brozovic ផងដែរ។

បន្ទាប់ពីភាគជោគជ័យនៅទឹកដី Anfield ដែលជាទីកន្លែងរូបគេឈ្នះពានរង្វាន់ UEFA Champions league និង Premier League រួចមក Sadio Mane បានផ្លាស់ទៅទឹកដីអាល្លឺម៉ង់ និងបាននិយាយថាជាពេលវេលាដ៏សក្តិសមក្នុងការផ្លាស់ប្តូរ តែរូបគេបរាជ័យក្នុងការបង្ហាញខ្លួនជាមួយទម្រង់លេងដ៏ល្អក្នុងក្រុម Bayern Munich។

Mane នៅ Bayern Munich បង្ហាញខ្លួនលេងបាន ៣៨ប្រកួតសម្រាប់ក្រុមនៅរដូវកាលមុន ដោយរកបានត្រឹមតែ ១២គ្រាប់តែប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង