លោកស្រី Anne Hidalgo អភិបាលក្រុងប៉ារីស បានបង្ហាញការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់ PSG ក្នុងការទទួលយកការដេញថ្លៃកំណត់ត្រាពិភពលោក ស្មើនឹង ២៥៩ លានផោនសម្រាប់ Kylian Mbappe ពីក្រុម Al-Hilal ។
ក្លិបរបស់អារ៉ាប៊ីសាអ៊ូឌីតនេះ បានឆ្លៀតឱកាសស្របពេលដែល PSG និងខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ កំពុងមានភាពជាប់គាំងលើការបន្តកុងត្រាថ្មី។ លោក Nasser Al-Khelaifi ប្រធានក្លិប PSG នៅតែប្រកាន់ជំហរថា កីឡាករវ័យ ២៤ ឆ្នាំរូបនឹងមិនអនុញ្ញាតឱ្យចាកចេញដោយគ្មានតម្លៃផ្ទេរនោះឡើយ។
លោកស្រីអភិបាលក្រុងប៉ារីស ដែលបានចូលកាន់តំណែងក្នុងឆ្នាំ២០១៤ បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុកមួយ កាលពីព្រឹកថ្ងៃអង្គារ ហើយបានចោទជាសំណួរលើការសម្រេចចិត្តរបស់ក្លិប PSG ។
លោកស្រីមានប្រសាសន៍បែបនេះថា៖ “ពួកគេមានកីឡាករល្អបំផុតនៅលើពិភពលោក ប៉ុន្តែពួកគេមិនដាក់ឱ្យគេលេង។ ខ្ញុំមិនយល់ទាល់តែសោះ។ អ្នកត្រូវតែរក្សារូបគេនៅប៉ារីស។”
PSG ហាក់ដូចជាមានឆន្ទៈក្នុងការអនុញ្ញាតឱ្យ Mbappe អង្គុយនៅលើកៅអីបម្រុងពេញមួយរដូវកាល។ វាបានកើតឡើងរួចទៅហើយ បន្ទាប់ពីក្លិបបានដករូបគេចេញពីបញ្ជីឈ្មោះកីឡាករសម្រាប់ការធ្វើដំណើរទេសចរណ៍របស់ពួកគេទៅកាន់ប្រទេសជប៉ុន នាពេលថ្មីៗនេះ៕