ជប៉ុន បានកក់កអីនៅវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកឆ្នាំ២០២៣ (FIFA Women’s World Cup 2023) បន្ទាប់ពីបានយកឈ្នះក្រុម កូស្តារីកា ក្នុងលទ្ធផល ២–០ ដែលជាជ័យជម្នះជាលើកទីពីររបស់ពួកគេក្នុងពូល C ។
គ្រាប់បើកឆាកនៅនាទីទី ២៥ របស់កីឡាការិនីជប៉ុន Hikaru Naomoto បានកើតឡើងមុនគ្រាប់បាល់របស់កីឡាការិនី Aoba Fujino ត្រឹមតែ២នាទីប៉ុណ្ណោះ នៅកីឡដ្ឋាន Dunedin ។
ជប៉ុន ជាក្រុមចំណាត់ថ្នាក់លេខ១១នៅលើពិភពលោក ខណៈក្រុមកូស្ដារីកា ស្ថិតនៅចំណាត់ថ្នាក់លេខ៣៦។ ក្រុមអាស៊ីនេះ បានយកឈ្នះលើក្រុមកីឡាការិនីជម្រើសជាតិហ្សំប៊ី ដោយលទ្ធផល ៥–០ កាលពីប្រកួតទីមួយ។
សម្រាប់ការប្រកួតមួយគូផ្សេងទៀត ក្រុមកីឡាការិនីជម្រើសជាតិអេស្ប៉ាញ បានយកឈ្នះក្រុមកីឡាការិនីហ្សំប៊ី ដោយលទ្ធផល ៥–០ ដែលធ្វើឱ្យអេស្ប៉ាញ និងជប៉ុន ដឹកដៃគ្នាឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ទោះបីជាក្រុមទាំងពីរនឹងត្រូវប្រកួតជាមួយគ្នានៅក្នុងការប្រកួតទី៣នៅវគ្គសន្សំពិន្ទុ នាថ្ងៃទី៣១ ខែកក្កដាក៏ដោយ៕