ខ្សែបម្រើសញ្ជាតិអូទ្រីស Marcel Sabitzer ផ្លាស់ទៅចូលរួមជាមួយនឹងក្រុម Borussia Dortmund ជាមួយកុងត្រារយៈពេល ៤ឆ្នាំ ដោយផ្ទេរពីក្រុម Bayern Munich។
ក្លិប Dortmund បានមិនបង្ហាញនូវតម្លៃនៃការផ្ទេរឡើយ តែបើតាមប្រពន្ធផ្សព្វផ្សាយរបស់អាល្លឺម៉ង់ បានរាយការណ៍ថាកីឡាករវ័យ ២៩ឆ្នាំ ចុះកិច្ចសន្យាជាមួយនឹង Dortmund ជាមួយតម្លៃប្រមាណ ១៩លានអឺរ៉ូ។
អនុប្រធានក្រុមជម្រើសជាតិអូទ្រីស Sabitzer បានបង្ហាញខ្លួនលេងអោយក្រុមជម្រើសជាតិចំនួន ៧១លើក បានផ្លាស់ទៅចូលរួម Bayern Munich ក្នុងឆ្នាំ ២០២១ ក្រោយផ្លាស់ពីក្រុម RB Leipzig ឆ្នាំ ២០២១។ មុនពេលពាក់កណ្តាលរដូវកាល ២០២២-២៣ Sabitzer បានផ្លាស់ទៅកាន់ក្លិប Manchester United នាក្របខណ្ឌ Premier League ក្នុងលក្ខខណ្ឌខ្ចីជើង កាលពីខែកុម្ភៈ។
អំឡុងការលេងនៅ Bayern Munich ចំនួន២រដូវកាល ក្រោយផ្ទេរមកពី RB Leipzig កីឡាករវ័យ ២៩ឆ្នាំ រកបានគ្រាប់បាល់តែ ១គ្រាប់ ក៏ដូចជាការបញ្ជូនទៅមិត្តរួមក្រុម ១លើកប៉ុណ្ណោះពីការបង្ហាញខ្លួនលេង ៥៤ប្រកួត។ ចំណែកនៅ Man United រូបគេរកបានគ្រាប់បាល់ចំនួន ៣គ្រាប់ និងបញ្ជូនបាល់ ១លើក ពីការបង្ហាញខ្លួន ១៨ប្រកួត។
យ៉ាងណាមិញ ក្រោយផ្លាស់ទៅកាន់ Bayern Munich វិញ រូបគេបង្ហាញខ្លួនបានច្រើនប្រកួតមុនពេលលោក Thomas Tuchel ចូលមកដឹកនាំក្រុម។ នៅពេលលោក Tuchel បានមកកាន់តំណែងនោះ Marcel Sabitzer ហាក់បាត់បង់ចំណាប់អារម្មណ៍ពីសំណាក់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ ហើយក៏បានអនុញ្ញាតអោយរូបគេខ្ចីជើងទៅក្លិប Man United មុនពេលលក់ចេញទៅ Dortmund ៕