ប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ លោក Tony Estanguet ជឿថា អូឡាំពិកនាទីក្រុងប៉ារីស មានសារសំខាន់ណាស់ក្នុងការស្ដារឡើងនូវវិស័យកីឡា និងជាការបង្ហាញថាទីក្រុងនេះ នឹងផ្ដល់ជូននូវអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកចូលរួម។
លោក Tony Estanguet បាននិយាយថា ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នឹងក្លាយជាសកម្មភាពកីឡាមួយ ដែលជាគំរូដល់ពិភពលោក។ ប្រធានរូបនេះ ពន្យល់ថា ប្រតិភូកីឡាចូលរួមទាំងអស់ នឹងទទួលបទពិសោធន៍ផ្សេងៗ ដែលខុសពីអ្វី ដែលពួកគេបានឆ្លងកាត់ក្នុងព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក បានធ្វើកន្លងមក។
ក្រៅអំពីការផ្ដល់ជូននៅការប្រកួតប្រជែង ដ៏ល្អសម្រាប់អត្ដពលិក លោក Tony Estanguet ក៏បានផ្ដល់បទសម្ភាសថា បញ្ហាសុវត្ថិភាពគឺជារឿងចម្បងដែលគណៈកម្មាធិការរៀបចំត្រូវយកចិត្តទុកដាក់។ ចំពោះការរៀបចំ និងត្រៀមលើបញ្ហាសុវត្ថិភាពរបស់អ្នកចូលរួមទាំងអស់ ត្រូវបានត្រៀមចាប់តាំងពីដើមឆ្នាំ២០២០ មក។ សុវត្ថិភាព គឺត្រូវបានត្រៀមទាំងសម្រាប់ការប្រកួត និងសម្រាប់អ្នកចូលរួមទស្សនា។
ប្រធានរូបនេះ បានប្រាប់ដូច្នេះថា៖ “អ្វី ដែលសំខាន់នោះ គឺមធ្យោបាយដ៏មានប្រសិទ្ធភាពចំពោះសុវត្ថិភាព សម្រាប់ការប្រកួតមិនធ្លាប់មានពីមុនមក ដោយមានការសហការជាមួយអន្ដរជាតិ។ ប៉ុន្ដែសម្រាប់ប្រទេសយើង ដូចជាមិនមានបញ្ហាអ្វីចំពោះ អ្នកចូលរួមនោះទេ។ យើងក៏មានអ្នកជំនាញផ្នែកនេះដែរ។ យើងត្រូវជឿជាក់ លើរឿងនេះ។”
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាអូឡាំពិក នឹងប្រព្រឹត្តទៅនៅប្រទេសបារាំងចាប់ពីថ្ងៃទី២៦ ខែកក្កដាដល់ថ្ងៃទី១១ ខែសីហា រីឯព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក នឹងត្រូវធ្វើពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤៕