×

ខ្សែប្រយុទ្ធ Lionel Messi នឹងក្លាយជាប្រធានក្រុមថ្មីនៅ Inter Miami

ខ្សែប្រយុទ្ធ Lionel Messi នឹងក្លាយជាប្រធានក្រុមថ្មីនៅ Inter Miami បន្ទាប់ពីពេលបង្ហាញខ្លួននៅប្រកួតដំបូងរួច។ នេះបើតាមការអះអាងរបស់គ្រូបង្វឹកលោក Tata Martino ។

Messi បានចុះកិច្ចសន្យាជាមួយនឹង Inter Miami កាលពីដើមខែកក្កដា មុនរូបគេបានបង្ហាញខ្លួនលេងលើកដំបូងសម្រាប់ក្លិបស្ថិតនៅទឹកដីអាមេរិក ដោយបានពាក់ស្លាកប្រធានក្រុមនៅពេលផ្លាស់ប្តូរចូល។

ជំនួបនោះប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ថែមទាំងរកបានគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមឈ្នះទៅលើ Cruz Azul របស់ម៉ិកស៊ិកក្នុងពានរង្វាន់ League Cup តាមរយៈការស៊ុតបាល់ Freekick យ៉ាងល្អចុងម៉ោង។

Inter Miami កាលពីមុនមានកីឡាករសញ្ជាតិប្រេស៊ីលខ្សែបម្រើ Gregore ជាប្រធានក្រុម ហើយដែលមកដល់ពេលនេះមិនបានចូលរួមបង្ហាញខ្លួនលេងជាមួយក្រុមដោយសារតែរបួសជើង។

នៅពេលត្រូវបានសួរនាំថា Messi នឹងបន្តជាប្រធានក្រុម Inter Miami ឬយ៉ាងណា គ្រូបង្វឹកលោក Tata Martino បានអះអាងដូច្នេះថា៖ “នៅថ្ងៃបន្ទាប់រូបគេនឹងនៅតែជាប្រធានក្រុមដូចគ្នា នៅពេលគេបានមកចូលរួម ពិតណាស់រូបគេនឹងធ្វើជាប្រធានក្រុមថ្មីរបស់ក្រុម។”

ដោយឡែក Lionel Messi ទើបតែរកបាន២គ្រាប់ដើម្បីជួយ Inter Miami ឈ្នះក្រុម Atlanta United ដោយលទ្ធផល ៤-០ ដើម្បីកក់កៅអីវគ្គ៣២ក្រុមពានរង្វាន់ League Cup របស់សហរដ្ឋអាមេរិក។ នេះក៏ជាគ្រាប់ទី៣របស់កំពូលខ្សែប្រយុទ្ធអាហ្សង់ទីន ក្រោយបង្ហាញខ្លួនបាន២លើក។

សម្រាប់ការប្រកួតពានរង្វាន់ League Cup រវាងក្រុមស្ថិតក្នុងក្របខណ្ឌ MLS និង Liga MX របស់ប្រទេសម៉ិកស៊ិក មានរចនាសម្ព័ន្ធនៃការប្រកួតគឺដូចគ្នាទៅនឹងការប្រកួតពានរង្វាន់ World Cup ដោយក្រុមត្រូវឆ្លងកាត់វគ្គចែកពូល ហើយបន្ទាប់មកគឺត្រូវប្រកួតជម្រុះជាបន្តបន្ទាប់រហូតដល់ផ្តាច់ព្រ័ត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង