×

ខ្សែប្រយុទ្ធ Moussa Dembele ចូលរួមជាមួយ Al-Ettifaq ក្រោយចាកចេញពី Lyon

ខ្សែប្រយុទ្ធ Moussa Dembele បានចូលរួមជាមួយក្រុម Al-Ettifaq នៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត ក្នុងនាមជាកីឡាករឥតតម្លៃខ្លួន បន្ទាប់ពីផុតកំណត់នៃកិច្ចសន្យាជាមួយក្រុមបារាំង Lyon។

សម្រាប់ ព័ត៌មានលម្អិតក៏ដូចជាតម្លៃនៃកិច្ចព្រមព្រៀងនៃការចូលរួមរបស់កីឡាករបារាំង វ័យ ២៧ឆ្នាំ មិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។

អតីតកីឡាករ Fulham បានទទួលបានការចាប់អារម្មណ៍ច្រើន បន្ទាប់ពីបានចូលរួមជាមួយ ក្រុម Celtic កាលពីឆ្នាំ២០១៦ និងបានជួយក្រុមមួយនេះឈ្នះពានរង្វាន់ក្នុងស្រុកទាំង៣នៅប្រទេសស្កុតឡែន ដែលមានពានរង្វាន់ Scottish Premiership ២ដង Scottish Cup ២ដង និង Scottish League Cup ២ដងផងដែរ។

Dembele បានចូលរួមជាមួយ Lyon ក្នុងឆ្នាំ ២០១៨ ហើយបន្ទាប់ពីបានចំណាយពេលពាក់កណ្តាលរដូវកាលដ៏យ៉ាប់យ៉ឺននៃរដូវកាល ២០២០-២១ ក្នុងលក្ខខណ្ឌខ្ចីជើងនៅក្រុម Atletico Madrid ជារួចមក រូបគេក៏បានវីត្រលប់ទៅក្រុម Lyon វិញ ជាកន្លែងដែលគេបានបង្ហាញខ្លួន ១៧២ ដងក្នុងការប្រកួតទាំងអស់ និងរកបាន ៧០ គ្រាប់។

ក្រោយបញ្ចប់កិច្ចសន្យាជាមួយ Lyon នោះ Moussa Dembele ត្រូវបានផ្សារភ្ជាប់ក្នុងការផ្លាស់ទៅកាន់ក្លិបធំៗជាច្រើននៅអឺរ៉ុប ប៉ុន្តែចុងក្រោយរូបគេសម្រេចចូលរួមក្រុម Al-Ettifaq នៅក្របខណ្ឌ Saudi Pro League ដែលលោក Steven Gerrard អតីតគ្រូបង្វឹក Aston Villa ទៅកាន់តំណែងជាគ្រូបង្វឹកថ្មីនៅទីនោះ។

សម្រាប់ការចូលរួមរបស់ Moussa Dembele នៅក្នុងក្រុម Al-Ettifaq នេះដែរគឺរូបគេនឹងចូលរួមជាមួយខ្សែបម្រើ Jordan Henderson ព្រមទាំងអតីតកីឡាករ Celtic ម្នាក់ទៀតគឺខ្សែការពារ Jack Hendry ខណៈក្រុមដែលដឹកនាំដោយលោក Steven Gerrard កំពុងពង្រឹងសមត្ថភាពរបស់ខ្លួនសម្រាប់ការប្រកួតប្រជែងនារដូវកាលថ្មីពេលខាងមុខ៕

Lyons French forward Moussa Dembele (C) celebrates after scoring a goal during the French L1 football match between Olympique Lyonnais (OL) and SCO Angers at The Groupama Stadium in Decines-Charpieu, central-eastern France on September 3, 2022. (Photo by JEFF PACHOUD / AFP) (Photo by JEFF PACHOUD/AFP via Getty Images)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង