×

ខ្សែប្រយុទ្ធ Robert Taylor សរសើរ Messi ថានៅតែមានសមត្ថភាពខ្ពស់សម្រាប់ក្រុម Inter Miami

ខ្សែប្រយុទ្ធ Robert Taylor របស់ក្រុម Inter Miami បានធ្វើការសរសើរមិត្តរួមក្រុមថ្មី Lionel Messi ថានៅតែមានសមត្ថភាពខ្ពស់ និងជាកីឡាករល្អបំផុតលើលោក តាមរយៈការបង្ហាញទម្រង់លេងដ៏ល្អឥតខ្ចោះទោះឈានដល់វ័យ៣៦ឆ្នាំ។ Messi រួមចំណែងយ៉ាងសំខាន់ក្នុងការជួយ Miami ឈានទៅវគ្គបន្តពានរង្វាន់ League Cup។

Messi ចាប់ផ្តើមការប្រកួតដំបូងបង្អស់សម្រាប់ Inter Miami ដោយរូបគេរកបានគ្រាប់បាល់ ១គ្រាប់ ក្នុងជ័យជំនះលទ្ធផល ២-១ ទល់ក្រុម Cruz Azul មុនពេល រកបាន ២គ្រាប់បន្ថែមទៀត ក្នុងជ័យជម្នះលទ្ធផល ៤-០ លើក្រុម Atlanta United កាលពីថ្ងៃទី២៥ ខែកក្កដា។

នៅពេលឃើញ Messi បង្ហាញសមត្ថភាពដ៏អស្ចារ្យ Robert Taylor ដែលជាកីឡាករម្នាក់បានបញ្ជូនបាល់ ១គ្រាប់ដល់ Messi ហើយរូបគេផ្ទាល់ក៏រកបាន ២គ្រាប់ក្នុងការប្រកួតទល់ក្រុម Atlanta United បានបង្ហាកោតសរសើរប្រធានក្រុមអាហ្សង់ទីនរូបនេះ។

ចំពោះសមត្ថភាពដ៏ខ្លាំងពូកែរបស់ Lionel Messi មានឥទ្ធិពលខ្លាំងចំពោះទម្រង់លេងរបស់ក្រុម Taylor បាននិយាយដូច្នេះថា៖ “Messi គឺជាកីឡាករល្អបំផុតលើពិភពលោក។ គេអាចគ្រប់គ្រងបាល់យ៉ាងល្អ គេអាចទាំងគ្រប់គ្រងវានៅកន្លែងចង្អៀត និងការសម្រេចចិត្តត្រឹមត្រូវ ១០០ភាគរយថែមទៀត។ ខ្ញុំគិតថាគេនឹងអាចនាំមកនូវគុណភាពខ្លាំងសម្រាប់ក្រុម ក្នុងការប្រកួតប្រជែង។”

ការឈ្នះក្រុម Atlanta United លទ្ធផល ៤-០ បានរុញច្រានក្រុម Inter Miami ឡើងទៅកាន់វគ្គជម្រុះ ៣២ក្រុមចុងក្រោយនៃពានរង្វាន់ League Cup ដែលជាការប្រកួតរវាងក្រុមស្ថិតក្នុង MLS ទល់ក្រុមស្ថិតក្នុងក្របខណ្ឌ Liga MX របស់ប្រទេសម៉ិកស៊ិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង