×

លោក Manny Pacquiao ប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករប្រដាល់ហើយ

ម៉ានីល៖ សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញានេះថា ស្តេចប្រដាល់ហ្វីលីពីន លោក ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) ដែលនឹងឈរឈ្មោះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២នោះបានប្រកាសនៅថ្ងៃពុធនេះថា លោកបានចូលនិវត្តន៍ពីអាជីពកីឡាករប្រដាល់ហើយ ដើម្បីយកពេលផ្តោតទៅលើការប្រកួតដ៏ធំបំផុតនៅក្នុងអាជីពនយោបាយរបស់លោក។

លោក ប៉ាក់គីអៅ (Pacquiao) បានប្រកាសបែបនេះនៅក្នុងវីដេអូរយៈពេល១៤នាទីដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់លោក។

លោក ប៉ាក់គីអៅ (Pacquiao) ដែលត្រូវបានគេចាត់ទុកជាកីឡាករប្រដាល់ជើងខ្លាំងម្នាក់នៅក្នុងប្រវត្តិសាស្ត្រកីឡានេះបានធំធាត់ឡើងនៅក្នុងគ្រួសារក្រីក្រមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីន។ លោកបានចាប់ផ្តើមអាជីពជាកីឡាករប្រដាល់តាំងពីអាយុ១៦ឆ្នាំ។

លោកស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តដ៏ស្មោះត្រង់បំផុតរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូទ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដោយគាំទ្រយុទ្ធនាការបង្ក្រាបគ្រឿងញៀននិងគោលបំណង នៅក្នុងការអនុវត្តសាជាថ្មីនូវការកាត់ទោសប្រហារជីវិតរបស់មេដឹកនាំរូបនេះ។

ប៉ុន្តែទំនាក់ទំនងនយោបាយរបស់ពួកគេកាន់តែអាក្រក់ៗទៅបន្ទាប់ពីលោក ប៉ាក់គីអៅ (Pacquiao) បានរិះគន់ចំណងមិត្តភាពរបស់លោក ឌូតឺតេ ជាមួយចិន និងអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាល។

កាលពីខែកក្កដា លោក ប៉ាក់គីអៅ (Pacquiao) ត្រូវបានបណ្តេញចេញពីតំណែងជាប្រធានគណបក្សកាន់អំណាចរបស់ហ្វីលីពីន៕

ប្រភព៖ Reuters

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង