លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា បានឱ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ មាន១០ប្រភេទកីឡា រួមមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ប៊ូល និងប៉េតង់ និងគុនល្បុក្កតោ ដែលស្មើនឹង ៥១វិញ្ញាសា។
លោកបន្តថា ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ ចំណែក ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី មានចំនួនសរុប ២.៤៥២នាក់។ ការឱ្យដឹងនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំនាយបេសកកម្ម នៃការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា។
លោក ឈុន ចាន់ធូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់រៀបចំគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យកីឡា សំដៅកសាងធនធានមនុស្សឱ្យមានសុខភាពល្អ សមត្ថភាព និងសីលធម៌ខ្ពស់ និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយនិរន្តរភាព ជំរុញវិស័យអប់រំកាយ និងកីឡា លើកកម្ពស់សុខភាព និងសុខមាលភាពសិស្ស និស្សិត ប្រជាជនគ្រប់រូប និងកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គម ជាអាទិ៍ការប្រើប្រាស់គ្រឿងញៀន។
លោកអគ្គនាយករងកីឡាមានប្រសាសន៍បន្តទៀតថា ការរៀបចំប្រកួតកីឡាសិស្សបឋមថ្នាក់ជាតិ ឆ្នាំ២០២៣ មានគោលបំណងបំផុសសកម្មភាពអប់រំកាយ និងកីឡា នៅក្នុងគ្រឹះស្ថានសិក្សា ជំរុញឱ្យសិស្សានុសិស្សមានសកម្មភាពរាងកាយ លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ៕