ប្រធានក្លិប Bayern Munich បានបញ្ជាក់ថា ក្លិបបានដឹងពីការពិភាក្សាជុំវិញការផ្ទេររបស់ខ្សែប្រយុទ្ធ Sadio Mane ទៅចូលរួមជាមួយក្លិប Al Nassr នៃក្របខណ្ឌ Saudi Pro League ដែលជាក្រុមរបស់ Cristiano Ronaldo កំពុងប្រកបអាជីពនៅទីនោះផងដែរ។
លោក Herbert Hainer បាននិយាយនៅក្នុងប្រទេសជប៉ុនក្នុងអំឡុងពេលដំណើរទេសចរណ៍មុនបើករដូវកាលថ្មីថា៖ “FC Bayern ត្រូវបានជូនដំណឹងអំពីរឿងនេះ ប៉ុន្តែនេះជាការពិភាក្សាដំបូង អ្នកត្រូវរង់ចាំមើលសិន។“
ការបញ្ជាក់របស់ប្រធានក្លិបយក្សអាល្លឺម៉ង់រូបនេះ បានធ្វើឡើងក្រោយសារព័ត៌មាន Bild របស់អាល្លឺម៉ង់បានរាយការណ៍ថា ភ្នាក់ងាររបស់ Mane នឹងជួបជាមួយតំណាងរបស់ Al Nassr ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន។
Mane ដែលបានឈ្នះពានរង្វាន់ក្របខណ្ឌ Premier League និង Champions League ជាមួយ Liverpool នៅសល់កុងត្រាពីរឆ្នាំទៀតជាមួយ Bayern ក្រោយពីមានបញ្ហារបួសក្នុងរដូវកាលដំបូងចាប់តាំងពីផ្ទេរពី Liverpool កាលពីឆ្នាំមុន។
ខ្សែប្រយុទ្ធសេណេហ្គាល់ ស៊ុតបញ្ចូលទីបាន ១២ គ្រាប់ក្នុង ៣៨ ប្រកួតសម្រាប់ក្រុម Bayern ។ បន្ទាប់ពីអវត្តមានពីព្រឹត្តិការណ៍ FIFA World Cup 2022 ដោយសាររបួស Mane ក៏ត្រូវបានក្លិប ផ្អាកមួយប្រកួតផងដែរដោយសារកាយវិការមិនសមរម្យ ក្នុងខែមេសា បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាបានវាយទៅលើមិត្តរួមក្រុម Leroy Sane។
Mane ត្រូវបានប្ដូរចូលជំនួសកន្លែងរបស់ Kingsley Coman នៅពេល Bayern ចាញ់ Manchester City ២–១ ក្នុងការប្រកួតមិត្តភាពនៅប្រទេសជប៉ុនកាលពីថ្ងៃពុធ៕