ការប្រណាំងរថយន្ត F1 ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល ២០២៣ បានបន្តឈានដល់ដំណាក់កាលទី១២ ហើយ ដែលជាកម្មវិធី Belgian Grand Prix។
ជាការពិត ការប្រកួតបានធ្វើឡើងនាទីលានដែលមានឈ្មោះថា Circuit de Spa-Francorchamps ស្ថិតនាទីក្រុង Stavelot ប្រទេសបែលហ្ស៊ីក ដោយកីឡាករត្រូវជិះចំនួន ៤៤ជុំទីលាន សរុបចម្ងាយផ្លូវប្រមាណ 308.052 គីឡូម៉ែត្រ។
ជាលទ្ធផលនោះគឺ កីឡាករហូឡង់ Max Verstappen ជាអ្នកទទួលបានជ័យជម្នះ ដោយសមាជិកក្រុម Red Bull Racing បានចាយពេលអស់ ១ម៉ោង ២២នាទី និង៣០វិនាទី ចុច៤៥០។ នេះជាការឈ្នះការប្រកួតចំនួន៨ដំណាក់ជាប់ៗគ្នា និង ជាជ័យជម្នះចំនួន១០ទីលានក្នុងរដូវកាលនេះ របស់ ម្ចាស់ជើងឯកពិភពលោក ២សម័យ Max Verstappen។ ជ័យជម្នះនេះបានធ្វើឱ្យក្រុម Red Bull Racing បង្កើតប្រវត្តិសាស្ត្រថ្មីរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេល៧៣ឆ្នាំ ដោយបានឈ្នះការប្រកួតផ្នែកបច្ចេកទេសចំនួន១២ដងជាប់ៗគ្នា។
កីឡាករម៉ិកស៊ិក Sergio Pérez មកពីក្រុម Red Bull Racing ដូចគ្នាទទួលបានចំណាត់ថ្នាក់លេខ២ យឺតជាង ២២វិនាទី ចុច៣០៥ ហើយកីឡាករម៉ូណាកូ Charles Leclerc មកពីក្រុម Ferrari ទទួលបានចំណាត់ថ្នាក់លេខ៣ យឺតជាងអ្នកលេខ១ ចំនួន ៣២វិនាទី ចុច២៥៩។
នៅតារាងពិន្ទុសរុប បច្ចុប្បន្ន Max Verstappen កំពុងឈរកំពូលតារាងមាន ៣១៤ពិន្ទុ ខណៈ Sergio Pérez នៅលេខ២ មាន១៨៩ពិន្ទុ ហើយកីឡាករអេស្ប៉ាញ Fernando Alonso នៅលេខ៣ មាន១៤៩ពិន្ទុ។
សម្រាប់ការប្រកួតជាបន្តដំណាក់កាលទី ១៣ ជាកម្មវិធី Dutch Grand Prix ធ្វើឡើងនាទីក្រុង Zandvoort ប្រទេសហូឡង់ ថ្ងៃទី ២៧ ខែសីហា ខាងមុខ៕