ខ្សែប្រយុទ្ធ Sadio Mane ត្រូវបានរាយការណ៍ថា មានភាគរយកាន់តែខ្ពស់ក្នុងការផ្លាស់ចេញពីក្លិប Bayern Munich ទៅចូលរួមក្លិប Al-Nassr នៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត ក្នុងទីផ្សារដោះដូររដូវកាលថ្មីនេះ។
កីឡាករសញ្ជាតិសេណេហ្គាល់ បានស្ថិតក្នុងគោលដៅជាកីឡាករដ៏សំខាន់មួយក្នុងគម្រោងរបស់ក្លិប Al-Nassr នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយមកនេះ ចាប់តាំងពីក្លិបជើងឯកលីគអាល្លឺម៉ង់បានបង្ហាញចំណាប់អារម្មណ៍ចង់បញ្ចេញកីឡាកររូបនេះ។
Mane រយៈពេលចុងក្រោយបានបាត់បង់ប្រជាប្រិយភាពនៅក្នុងក្លិប Bayern Munich ជាពិសេសពីសំណាក់គ្រូបង្វឹកលោក Thomas Tuchel តែម្តង។ រដូវកាលមុន Mane ក៏មិនសូវបង្ហាញទម្រង់លេងបានល្អឱ្យ Bayern Munich ដែរ។
កីឡាករវ័យ ៣១ឆ្នាំ ក៏ធ្លាប់បង្ហាញអារម្មណ៍របស់គេថានឹងបន្តស្នាក់នៅ Bayern Munich ដើម្បីប្រជែងយកតំណែងខ្លួនមកវិញនៅក្នុងក្រុមរបស់លោក Thomas Tuchel នារដូវកាលថ្មី តែយ៉ាងណាឆ្លងកាត់ការប្រកួតត្រៀមបើករដូវកាលថ្មី Mane ក៏បានបង្ហាញពីអារម្មណ៍មិនសូវសប្បាយចិត្តទៅវិញ។
បើតាមការរាយការណ៍មួយពីសំណាក់អ្នកកាសែតដ៏ល្បីលើវិស័យបាល់ទាត់ Fabrizio Romano ខ្សែប្រយុទ្ធនិយមជើងស្តាំមួយនេះ លែងក្លាយជាកីឡាករមានប្រជាប្រិយភាពនៅក្នុងទឹកដី Allianz Arena ដូចកាលពីមុនទៀតហើយ។
ថ្មីៗនេះ អំពីរឿងរ៉ាវនៃការផ្លាស់ប្តូរក្នុងរដូវកាលថ្មី ក្លិប Al-Nassr បានបង្ហាញទំនុកចិត្តរបស់ខ្លួនក្នុងការអាចឈានដល់កិច្ចព្រមព្រៀងជាមួយក្រុម Bayern Munich នាំយក Mane មកកាន់ដឹកដីប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ក្លិប Al-Nassr ផ្តល់តម្លៃនៃការផ្ទេររវាងក្លិបប្រមាណ ៣៧លានអឺរ៉ូ។
Mane អតីតខ្សែប្រយុទ្ធក្រុម Liverpool មានកិច្ចសន្យាជាមួយនឹង Bayern Munich រហូតដល់ឆ្នាំ ២០២៥ ហើយរដូវកាលមុនរូបគេរកបានគ្រាប់បាល់ត្រឹមតែ ១២គ្រាប់ និងបញ្ជូនបាល់ ៦លើកប៉ុណ្ណោះពីការប្រកួតចំនួន ៣៨។ ទោះយ៉ាងណាគេក៏រួមចំណែកជួយឱ្យ Bayern Munich លើកពាន Bundesliga រដូវកាលមុន៕