×

Boca Juniors ធ្វើពិធីបង្ហាញខ្លួន Edinson Cavani ជាសមាជិកថ្មីជាផ្លូវការដោយមានចូលរួមពីអ្នកគាំទ្ររាប់ម៉ឺននាក់

ខ្សែប្រយុទ្ធ Edinson Cavani ត្រូវបានក្លិប Boca Juniors នៅលីគកំពូលអាហ្សង់ទីន ប្រារព្ធពិធីបង្ហាញខ្លួនជាសមាជិកថ្មីជាផ្លូវការ ដែលកម្មវិធីបានធ្វើឡើងនាកីឡដ្ឋាន La Bombonera ស្ថិតក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។

មកកាន់ ក្លិប Boca Juniors នេះ Edinson Cavani ត្រូវបានដឹងថា បានមកចូលរួមក្នុងនាមជាកីឡាករឥតតម្លៃខ្លួន ក្រោយផ្តាច់កុងត្រាជាមួយក្លិបអេស្ប៉ាញ Valencia រួចមក។ រូបគេនឹងចុះកុងត្រារយៈពេល១៨ខែ ជាមួយ Boca Juniors ហើយទទួលបានអាវលេខ១០។

ក្នុងការបង្ហាញខ្លួនរបស់កីឡាករអ៊ុយរុយហ្គាយ វ័យ៣៦ឆ្នាំ មានអ្នកគាំទ្រប្រមាណជា ៣ម៉ឺននាក់ឯណោះ បានមកអបអរសាទរ ដ្បិតក្លិបរបស់ពួកគេអាចនាំយកកីឡាករបាល់ទាត់មួយរូប ដែលមានភាពល្បីល្បាញ និង បទពិសោធយ៉ាងជោកជាំមកចូលរួម។

នៅក្នុងឱកាសនោះដែរ Edinson Cavani បានបញ្ចេញពីចំណាប់អារម្មណ៍របស់ខ្លួនថា៖ “ខ្ញុំចង់មកលេងឱ្យក្លិបដែលមានភាពល្បីល្បាញ និងនៅជិតស្រុកកំណើត ហើយ Boca Juniors ជាក្លិបដ៏អស្ចារ្យមួយដែលខ្ញុំសម្រេចចិត្តមកចូលរួម។ ខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាងដែលខ្ញុំមានសម្រាប់ក្លិប ហើយខ្ញុំនឹងផ្តល់ឱ្យអ្នកគាំទ្រនូវភាពរីករាយ ដូចដែលពួកគេបានមកស្វាគមន៍រូបខ្ញុំយ៉ាងអស្ចារ្យអ៊ីចឹងដែរ។”

Cavani បានមកដល់ក្លិប Boca Juniors នៅទឹកដីប្រទេសអាហ្សង់ទីន ទ្វីបអាមេរិកខាងត្បូង បន្ទាប់ពីបានចំណាយពេលជាច្រើនឆ្នាំលេងឱ្យក្លិបនានានៅទ្វីបអឺរ៉ុប។ ជាក់ស្តែង រូបគេធ្លាប់បានលេងឱ្យក្លិបធំៗដូចជា Napoli, Paris Saint-Germain, Manchester United និង Valencia ហើយក៏បានឈ្នះពានរង្វាន់នានាជាច្រើនផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង