ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំទិវាកីឡាអាស៊ាន (ASEAN Sports Day) ចាប់ពីថ្ងៃទី៧-៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៧ព្រឹក នៅក្រុងកែប ខេត្តកែប ដើម្បីលើកកម្ពស់សុខភាព និងចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ ក៏ដូចជាសហគមន៍អាស៊ានផងដែរ។
កម្មវិធីប្រកួត នឹងធ្វើឡើងលើ៣ប្រភេទកីឡា រួមមាន ជិះកង់ចម្ងាយ ១៥គីឡូម៉ែត្រ រត់ចម្ងាយ ៥គីឡូម៉ែត្រ និងហាត់ប្រាណតាមចង្វាក់ភ្លេង។ សាធារណជនទូទៅអាចចុះឈ្មោះចូលរួមដោយសេរី និងទទួលបានអាវយឺតមួយឥតគិតថ្លៃ ដោយគ្រាន់តែទំនាក់ទំនងនៅការិយាល័យសហប្រតិបត្តិការកីឡា នាយកដ្ឋានអប់រំកាយ និងកីឡា ដែលស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ឬនៅការិយាល័យកីឡាខេត្តកែប ស្ថិតនៅមន្ទីរអប់រំ។
បើយោងតាមក្រសួងអប់រំ យុវជន និងកីឡា ការរៀបចំទិវាកីឡាអាស៊ានឆ្នាំ២០២៣នេះ គឺស្របតាមផែនការ៥ឆ្នាំរបស់អាស៊ាន ដែលតម្រូវឱ្យប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវរៀបចំទិវានេះឡើង នៅរៀងរាល់ឆ្នាំ និងយុទ្ធនាការចលនា “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”៕