×

គ្រូបង្វឹកក្រុមនារីនូវែលហ្សេឡង់នៅតែមានមោទកភាព ទោះក្រុមខ្លួនធ្លាក់ចេញពីពានរង្វាន់ FIFA Women’s World Cup 2023

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនូវែលហ្សេឡង់ លោកស្រី Jitka Klimkova បាននិយាយថា លោកស្រីនៅតែមានមោទកភាពយ៉ាងខ្លាំងចំពោះកូនក្រុមខ្លួន បើទោះជាក្រុមសហម្ចាស់ផ្ទះនេះ បានធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA Women’s World Cup 2023 ត្រឹមវគ្គចែកពូលក្តី។

ជាការពិត នូវែលហ្សេឡង់បានធ្លាក់ចេញពីការប្រកួតបាល់ទាត់នារីពិភពលោក ក្រោយប្រកួតស្មើគ្នាជាមួយនឹងក្រុមនារីស្វីស ០-០។ នូវែលហ្សេឡង់ឈ្នះតែ១ដងប៉ុណ្ណោះគឺឈ្នះការប្រកួតថ្ងៃបើកឆាក ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកនាង ឈ្នះការប្រកួតក្នុងពានរង្វាន់លំដាប់កំពូលដូចជា World Cup រួមជាមួយការប្រកួតប្រជែងពានរង្វាន់ក្នុងតំបន់អាស៊ីថែមទៀតដែល តែងតែរងបរាជ័យ ១៦លើកជាប់គ្នា។ បរាជ័យមិនអាចឡើងទៅកាន់ជុំបន្តមែន ប៉ុន្តែនូវែលហ្សេឡង់ បានចាត់ទុក FIFA Women’s World Cup 2023 គឺជាការធ្វើបានល្អបំផុតជាងការប្រកួតកន្លងមក។

ជុំវិញរឿងនេះ លោកស្រី Jitka Klimkova បានថ្លែងថា៖ “ខ្ញុំពិតជាមានមោទកភាពចំពោះអ្វីដែលពួកយើងបានធ្វើក្នុងអំឡុងការប្រកួតបាល់ទាត់ពិភពលោកនេះ។ ខ្ញុំអាចនិយាយបានថា វាជាការប្រកួតដ៏ជោគជ័យមួយ ព្រោះយើងចង់ធ្វើឱ្យប្រទេសជាតិរបស់យើងមានមោទកភាព ហើយយើងបានធ្វើវារួចហើយ។ ខ្ញុំរីករាយណាស់ដែលពួកយើង បានឆ្លើយតបតាមរបៀបដែលយើងចង់ធ្វើ។ វាមានអត្ថន័យខ្លាំងណាស់សម្រាប់ក្រុមរបស់យើង។”

សូមបញ្ជាក់ថា ក្រោយពីឆ្លងកាត់៣ប្រកួតម្ចាស់ផ្ទះនារីនូវែលហ្សេឡង់ បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងពូល A ដោយរកបាន ៤ពិន្ទុ ឈរពីក្រោមក្រុមន័រវែសដែលមាន ៤ពិន្ទុដូចគ្នា ប៉ុន្តែមានផលសងគ្រាប់បាល់ល្អជាង។ ក្រោយបំបាក់ហ្វីលីពីន ៦-០ ក្រុមខ្លាំងស្វីសបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងមាន ៥ពិន្ទុ ខណៈហ្វីលីពីនបញ្ចប់ចំណាត់ថ្នាក់បាតតារាងមាន ៣ពិន្ទុ។ ដូច្នេះ ក្នុងពូល A នេះ ក្រុមនារី ស្វីស និង ន័រវែស ត្រូវបន្តឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ហើយនូវែលហ្សេឡង់ និង ហ្វីលីពីនត្រូវបញ្ចប់ដំណើរត្រឹមនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង