លោក Xavi Hernandez អ្នកចាត់ការរបស់ FC Barcelona បានរិះគន់ចំពោះការផ្ទេរចេញរបស់ Ousmane Dembele ទៅកាន់ក្រុម Paris Saint-Germain អំឡុងការទទួលជ័យជម្នះលើក្រុម AC Milan ក្នុងការប្រកួតមិត្តភាព ក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។
របាយការណ៍ជាច្រើនបានឱ្យដឹងថា Dembele នឹងផ្ទេរទៅកាន់ម្ចាស់ជើងឯក Ligue 1 នៅប្រទេសបារាំង ជាមួយកុងត្រារយៈពេល ៥ឆ្នាំ។ ក្នុងនោះ សារព័ត៌មាន Mundo Deportivo បានរាយការណ៍ថា Barca បានយល់ព្រមលក់ Dembele ក្នុងតម្លៃ ៥០លានអឺរ៉ូ។
Dembele មិនជាប់ជាកីឡាករបម្រុងក្នុងការប្រកួតទល់នឹង AC Milan នេះឡើយ។ ថ្លែងទៅកាន់ទូរទស្សន៍មួយ លោក Xavi បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង និងបានព្រមាន Dembele ដែលអាចដើរតាមគន្លងរបស់ Neymar នៅ PSG ដែលលោកគិតថាមិនទទួលបានជោគជ័យ ហើយបង្កឱ្យកីឡាករប្រេស៊ីលព្យាយាមក្នុងការត្រលប់ទៅកីឡដ្ឋាន Camp Nou វិញ ប៉ុន្តែបរាជ័យ។ លោកបន្តថា Dembele បានស្នើសុំចាកចេញ។
Xavi ប្រាប់ដូច្នេះថា៖ “គេទទួលសំណើពី PSG គេចង់ទៅទីនោះ ថ្ងៃនេះគេមិនបានលេងក៏ដោយហេតុផលនោះឯង” ។ វាគឺជាការសម្រេចចិត្តផ្ទាល់ខ្លួន។ សោកស្ដាយសម្រាប់រូបគេ ហើយខ្ញុំមិនសូរសប្បាយចិត្តទេ ពីព្រោះពួកយើងបានយកចិត្តទុកដាក់លើរូបគេយ៉ាងខ្លាំងនាពេលកន្លងមក”។
Xavi បានបញ្ជាក់ថា៖ “វាគឺជាច្បាប់នៃទីផ្សារដោះដូរ យើងមិនអាចប្រកែកនឹងសំណើនេះបានទេ វាហួសពីលទ្ធភាពរបស់យើង”។
នៅពេលដែល Barca ជួបការលំបាកក្នុងការទិញកីឡាករថ្មី និងបើកប្រាក់ខែដល់កីឡាករដែលមានស្រាប់ លោក Xavi ថា Barca មិនអាចផ្តល់ឱ្យ Dembele នូវប្រាក់ ២០លានអឺរ៉ូក្នុងមួយរដូវកាល ដូចដែលរូបគេនឹងទទួលពី PSG ឡើយ៕