លោក Felix Dalmas គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ និងក្រុមបាល់ទាត់ជម្រើសជាតិឈុតធំ បានបង្ហាញការពេញចិត្តចំពោះការបង្ហាញសមត្ថភាពរបស់កីឡាករនីមួយៗដែលត្រូវបានក្លិបអនុញ្ញាតឱ្យចូលរួមការធ្វើតេស្តសម្រាប់ជ្រើសរើសទៅប្រកួតតំណាងជាតិ នៅក្នុងព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ានអាយុក្រោម២៣ឆ្នាំ AFF U23 Championship 2023 នៅប្រទេសថៃ។
គ្រូសញ្ជាតិអាហ្សង់ទីនដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្ដល់ទំនុកចិត្តតែងតាំងឱ្យដឹកនាំក្រុមជម្រើសជាតិកាលពីខែមេសា បានបង្ហើបថា វាគឺជាការសម្រេចចិត្តដ៏លំបាកនៅក្នុងការជ្រើសរើសកីឡាករត្រឹមតែ ២៣នាក់ចុងក្រោយ។ លោកទទួលស្គាល់ថា ស្ថានភាពនៅពេលនេះមិនសូវអំណោយផលទេ ដោយសារក្លិបក្នុងស្រុកកំពុងផ្ដោតលើការប្រកួតរបស់ពួកគេ ជាហេតុក្លិបមួយចំនួនមិនអាចផ្ដល់កីឡាករសម្រាប់ចូលរួមក្នុងការធ្វើតេស្តបានឡើយ។
ទោះជាយ៉ាងណា លោក Felix បានសម្ដែងការអរគុណចំពោះក្លិបដែលបានផ្ដល់កីឡាកររបស់ពួកគេ ប៉ុន្តែគាត់ក៏មានការយោគយល់ចំពោះការសម្រេចចិត្តរបស់ក្លិប ដែលមិនអាចផ្ដល់កីឡាករសម្រាប់ការធ្វើតេស្តនោះដែរ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កំពុងសម្រិងសម្រាំងកីឡាករចុងក្រោយ២៣នាក់ ដើម្បីចូលរួមប្រកួតនៅក្នុងពានរង្វាន់ AFF U23 Championship ចាប់ពីថ្ងៃទី១៧ ដល់ ២៦ ខែសីហា នៅខេត្តឈុនបូរី ប្រទេសថៃ។
ក្នុងពូលA មាន កម្ពុជា ថៃ ព្រុយណេ និងមីយ៉ាន់ម៉ា ស្របពេលដែលពូល B មានទីម័រខាងកើត ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ខណៈវៀតណាមដែលជាក្រុមការពារតំណែងជើងឯក ស្ថិតនៅពូល C ជាមួយហ្វីលីពីន និងឡាវ។
ការប្រកួតទីមួយរបស់កម្ពុជា នឹងត្រូវជួបព្រុយណេ នៅថ្ងៃទី១៧ ខែសីហា រួចបន្តប៉ះក្រុមមីយ៉ាន់ម៉ា នៅថ្ងៃទី១៩សីហា មុនប្រកួតជាមួយក្រុមម្ចាស់ផ្ទះថៃ នៅ២ថ្ងៃបន្ទាប់៕