×

គ្រូក្រុមជម្រើសជាតិនារីហ្វីលីពីនលាលែងពីតំណែងក្រោយធ្លាក់ចេញពី FIFA Women’s World Cup 2023

លោក Alen Stajcic នឹងមិនបន្តកិច្ចសន្យាថ្មីបន្ថែមជាមួយនឹងក្រុមនារីហ្វីលីពីនឡើយ បន្ទាប់ពីក្រុមធ្លាក់ចេញពីការប្រកួតព្រឹត្តិការណ៍ Women’s World Cup 2023។

បង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតបាល់ទាត់ពិភពលោក ហ្វីលីពីន បានប្រកួតចាញ់ក្រុមស្វីសនៅក្នុងការប្រកួតថ្ងៃបើកឆាកក្នុងពូល A ប៉ុន្តែពួកគេបានយកឈ្នះលើក្រុមសហម្ចាស់ផ្ទះនូវែលហ្សេឡង់ដោយលទ្ធផល ១-០ ដែលជាជ័យជម្នះលើកដំបូងបំផុតក្នុងការប្រកួត World Cup និងជាប្រវត្តិសាស្ត្រ។ ការប្រកួតចុងក្រោយហ្វីលីពីនចាញ់ក្រុមន័រវែសលទ្ធផល ៦-០។

បរាជ័យ២លើក និងឈ្នះមួយលើកក្នុងពូល មិនអាចនាំហ្វីលីពីនឆ្លងកាត់ទៅវគ្គ១៦ក្រុមចុងក្រោយឡើយ។ ក្រោយមិនអាចជួយនាំក្រុមប្រកួតប្រជែងបន្តនៅ World Cup 2023 លោក Stajcic បានសម្រេចចិត្តចាកចេញមិនបន្តដឹកនាំហ្វីលីពីនទៀតឡើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានចុងក្រោយបំផុត លោក Stajcic គ្រូបង្វឹកសញ្ជាតិអូស្ត្រាលី សរសើរហ្វីលីពីនចំពោះសមត្ថភាពនៅ World Cup នឹងការប្រកួតលើឆាកអន្តរជាតិ។

លោក Stajcic បាននិយាយបែបនេះថា៖ “បំបាក់ក្រុមនូវែលហ្សេឡង់នៅក្នុងទឹកដីដោយផ្ទាល់ ហើយជាគ្រាប់បាល់ដំបូងបំផុតក្នុង World Cup ព្រមទាំងជ័យជម្នះដំបូងដូចគ្នាគឺជារឿងរ៉ាវមួយនៃក្តីស្រម៉ៃដែលបង្កើតឡើង។ ទោះជាមិនអាចមានគ្រាប់បាល់ទល់ន័រវែស ដែលមានមនុស្សចូលរួម ៣៤,០០០នាក់ ជាមួយនឹងមនុស្សគ្រប់គ្នាច្រៀងថាហ្វីលីពីន បាននាំមកឱ្យពួកយើងមានកម្លាំងចិត្ត និងបង្ហាញថាបាល់ទាត់គឺជាកម្មសិទ្ធិរបស់ហ្វីលីពីន។”

ក្រៅពីការចាកចេញរបស់លោក Allen Stajcic វ័យ៤៩ឆ្នាំ ក្នុងនោះក៏រួមមានគ្រូជំនួយលោក Nahuel Arrarte ក៏នឹងចាកចេញពីក្រុមដូចគ្នា បន្ទាប់ពីកិច្ចសន្យារបស់លោកនឹងត្រូវបញ្ចប់ជាមួយក្រុមហ្វីលីពីនក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង