ពានរង្វាន់ Women’s World Cup ត្រូវបានដាក់តាំងបង្ហាញជាសាធារណៈនៅក្នុងកម្មវិធី FIFA Fan Festival នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលធ្វើឱ្យអ្នកគាំទ្របាល់ទាត់ដែលកាន់តែមានភាពរីករាយចំពោះការប្រកួតបាល់ទាត់ពិភពលោកនារី។
ការផ្លាស់ប្តូររបស់ FIFA ដើម្បីពង្រីកការប្រកួតបាល់ទាត់នារី ពី ២៤ ក្រុមឡើងដល់៣២ក្រុម នៅឆ្នាំ ២០២៣ នេះ បានជំរុញឱ្យមានការរិះគន់ថា មិនមានកីឡាការិនីគ្រប់គ្រាន់ដែលមានសមត្ថភាពអាចចូលរួមក្នុងការប្រកួត។ ទោះជាយ៉ាងនេះក្តី ការរិះគន់ទាំងឡាយបានផ្លាស់ប្តូរជំនួសមកវិញនូវការកើនឡើងប្រជាប្រិយភាព ក្នុងកីឡាបាល់ទាត់នារី។
ការបរាជ័យ ដោយលទ្ធផល ៣-២ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ ក្រុមម្ចាស់ផ្ទះអូស្ត្រាលីក្រោមថ្វីជើងក្រុមនីហ្សេរីយ៉ា មុនពេលពួកគេយកឈ្នះការប្រកួតដោយលទ្ធផល ៤-០ ទៅលើក្រុមនារីកាណាដាបានរំលេចនូវការប្រកួតដែលមិនអាចទាយទុកជាមុនបាន ធ្វើឱ្យអ្នកគាំទ្រកាន់តែមានរំភើបក្នុងការចូលរួមព្រឹត្តិការណ៍មួយនេះ។
អ្នកទស្សនាប្រហែល ៤ម៉ឺន នាក់បានសម្រុកទៅកាន់កីឡដ្ឋាន Sydney Football Stadium ដើម្បីមើលការប្រកួតរបស់ក្រុមនារីកូឡុំប៊ីដែលបានយកឈ្នះក្រុមជើងខ្លាំងនារីអាល្លឺម៉ង់ ក្នុងលទ្ធផល ២-១ ខណៈអ្នកទស្សនាដ៏ច្រើនចំនួន ៤ម៉ឺននាក់បានមកទស្សនាការប្រកួតពូល A ដែលន័រវែសបានចាញ់នូវែលហ្សេឡង់ក្នុងការប្រកួតបើកឆាកនៃការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំនេះ។
សំបុត្រជាង ១,៦ លានសន្លឹក ត្រូវបានលក់នៅទូទាំងប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់សម្រាប់ការប្រកួតរហូតមកដល់ពេលនេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនារី FIFA Women’s World Cup 2023 នឹងដំណើរការចាប់ពីថ្ងៃទី ២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា ដោយមានប្រទេសអូស្ត្រាលី និង នូវែលហ្សេឡង់ជាម្ចាស់ផ្ទះ៕