×

ក្លិប Al-Nassr សម្រេចការផ្ទេរខ្សែប្រយុទ្ធ Sadio Mane

ខ្សែប្រយុទ្ធ Sadio Mane បានសម្រេចការផ្លាស់ទៅចូលរួមជាមួយក្លិបលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Al-Nassr បន្ទាប់ពីចាយពេលមួយរដូវកាលនៅក្លិប Bayern Munich ។

តម្លៃនៃការផ្ទេរនេះ មិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែសារព័ត៌មាននានាបានធ្វើការផ្សព្វផ្សាយថា Al-Nassr អាចចំណាយប្រមាណ ៤០លានអឺរ៉ូ សម្រាប់កីឡាករសញ្ជាតិសេណេហ្គាល់ ដែលនៅសល់កិច្ចសន្យារយៈពេល២ឆ្នាំទៀតជាមួយក្លិបជើងឯកលីគកំពូលអាល្លឺម៉ង់។

Sadio Mane បានចាកចេញពី Liverpool ផ្ទេរទៅចូលរួម Bayern Munich កាលពីឆ្នាំមុន ដោយមានក្តីរំពឹងខ្ពស់ថា រូបគេនឹងទទួលបានជោគជ័យ បន្ទាប់ពីមានរដូវកាលដ៏អស្ចារ្យនៅទឹកដី Anfield ដោយស៊ុតបញ្ចូលទី១២០គ្រាប់ពីការបង្ហាញខ្លួន២៦៩ដង ហើយបានឈ្នះពានរង្វាន់ Champions League, Premier League, FA Cup, League Cup និង Club World Cup។

កីឡាករវ័យ៣១ឆ្នាំ គឺជាផ្នែកមួយដ៏សំខាន់នៃទម្រង់ប្រយុទ្ធសម្រាប់ក្រុមនាតំបន់ Merseyside ប៉ុន្តែរូបគេបានបរាជ័យក្នុងការបង្ហាញសមត្ថភាពយ៉ាងខាំ្លងក្លា នៅ Bayern Munich។ បន្ថែមពីនេះ Sadio Mane ហាក់មានបញ្ហាជម្លោះជាមួយអតីតគ្រូបង្វឹក Bayern Munich លោក Julian Nagelsmann និងមានជម្លោះជាមួយមិត្តរួមក្រុម Leroy Sane ដែលធ្វើឱ្យរូបគេត្រូវរងពិន័យទៀតផង។ ដូច្នេះហើយ ទើបការសម្រេចចិត្តផ្លាស់ទ្រនំថ្មីជារឿងដែល Mane គិតថា ល្អសម្រាប់អាជីពបាល់ទាត់របស់ខ្លួន។

ការមកចូលរួម Al-Nassr នេះដែរ Sadio Mane នឹងក្លាយជាផ្នែកមួយសម្រាប់ក្រុមដែលកំពុងបន្ត ពង្រឹងសមត្ថភាពយ៉ាងគួរឱ្យចាប់អារម្មណ៍ចាប់តាំងពីការផ្ទេរយកខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo រួចមក។

Mane នឹងក្លាយជាដៃគូនៅតំបន់ប្រយុទ្ធ ជាមួយនឹង Cristiano Ronaldo នៅ Al Nassr ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២នៅតារាង Saudi Pro League៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង