Gianluigi Buffon អតីតអ្នកចាំទីជម្រើសជាតិអ៊ីតាលី និងជាសមាជិកក្រុមម្ចាស់ជើងឯក World Cup ឆ្នាំ២០០៦ បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ក្នុងវ័យ ៤៥ឆ្នាំ។
ការប្រកាសរបស់ Buffon បានធ្វើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនរបស់គាត់។ វាមានន័យថា អាជីពរយៈពេល២៨ឆ្នាំត្រូវបានបញ្ចប់ ដោយបន្សល់នូវស្នាដៃ ដូចជាការឈ្នះពានរង្វាន់ World Cup ឆ្នាំ២០០៦ ពានរង្វាន់ Serie A ចំនួន១៩ដងជាមួយ Juventus និងពានរង្វាន់ Ligue 1 ជាមួយ Paris St-Germain ។
Buffon ដែលជាប់កុងត្រាជាមួយក្រុម Parma រហូតដល់ឆ្នាំ២០២៤ បានបង្ហាញខ្លួន ១៩ ដងកាលពីរដូវកាលមុន ប៉ុន្តែត្រូវបានរំខានដោយសាររបួស។
គាត់បានបង្ហាញខ្លួនជាលើកដំបូងនៅក្របខណ្ឌ Serie A សម្រាប់ Parma នៅខែវិច្ឆិកាឆ្នាំ១៩៩៥ មុនពេលចូលរួមជាមួយ Juventus ក្នុងឆ្នាំ២០០១ ក្នុងតម្លៃ ៣២,៦លានផោន ដែលជាកំណត់ត្រាពិភពលោកសម្រាប់អ្នកចាំទីនៅពេលនោះ។
Buffon បានចំណាយពេលជាច្រើនក្នុងអាជីពរបស់គាត់នៅទីក្រុង Turin មុនពេលចូលរួមជាមួយ PSG ក្នុងរដូវកាល ២០១៨-១៩។ គាត់បានបង្ហាញខ្លួនចំនួន ៦៥៧ ដងក្នុងក្របខណ្ឌកំពូលរបស់អ៊ីតាលី និងជាអ្នកចាំទីដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិច្រើនបំផុត ពោលគឺ ១៧៦ លើកសម្រាប់អ៊ីតាលី។
Buffon បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្នុងឆ្នាំ២០១៨ បន្ទាប់ពីអ៊ីតាលីបរាជ័យក្នុងការប្រកួត World Cup ៕