អតីតខ្សែការពារ Barcelona, Dani Alves ត្រូវបានចៅក្រមប្រទេសអេស្ប៉ាញ ធ្វើការចោទប្រកាន់ជាផ្លូវការ បន្ទាប់ពីរូបគេត្រូវបានជាប់ពន្ធនាគារពីបទរំលោភផ្លូវភេទ កាលពីខែមករា។
កីឡាករប្រេស៊ីល ត្រូវបានអាជ្ញាធរប្រទេសអេស្ប៉ាញ ចេញដីកាឃុំខ្លួនពីបទរំលោភបំពានទៅលើនារីម្នាក់ នៅក្នុងក្លិបរាត្រី ក្នុងទីក្រុង Barcelona កាលពីចុងខែធ្នូ ឆ្នាំ២០២២។ យ៉ាងណា ខ្សែការពារ វ័យ៣៩ឆ្នាំ បានធ្វើការបដិសេធការចោទប្រកាន់ទាំងអស់នោះ។
យ៉ាងណា ពេលនេះ ចៅក្រមបាននិយាយថា ពួកគេបានរកឃើញព័ស្តុតាងនៃការប្រព្រឹត្តខុសរបស់ Dani Alves ទៅលើនារីរងគ្រោះហើយ។
កីឡាករវ័យ ៤០ឆ្នាំ ត្រូវបានចាប់ខ្លួនតាំងពីថ្ងៃទី២០ ខែមករា កន្លងមក ហើយក៏ត្រូវបានឃុំខ្លួន ក្នុងពន្ធនាគារ ក្រៅទីក្រុង Barcelona ដោយមិនមានសិទ្ធសុំនៅក្រៅឃុំនោះឡើយ។
Dani Alves ជាអតីតកីឡាករក្រុម Barcelona បានបង្ហាញខ្លួនឱ្យក្រុមប្រេស៊ីលក្នុងការប្រកួតពានរង្វាន់ World Cup 2022 នៅប្រទេសកាតា។ បន្ទាប់ពីក្រុមប្រេស៊ីលបានធ្លាក់ចេញពីការប្រកួតត្រឹមវគ្គ៨ក្រុម រូបគេ បានធ្វើដំណើរទៅហ្វឹកហាត់ជាមួយក្រុម Barcelona B មុននឹងមានរឿងរ៉ាវរំលោភបំពានបានកើតឡើង។
តាមច្បាប់ក្នុងប្រទេសអេស្ប៉ាញ បទល្មើសរំលោភបំពានផ្លូវភេទ ត្រូវបានស៊ើបអង្កេតយ៉ាងតឹងរ៉ឹង ហើយការផ្តន្ទាទោសអាចនាំឱ្យជាប់ពន្ធនាគារពី ៤ ទៅ ១៥ ឆ្នាំឯណោះ៕