ប្រទេសចាម៉ៃកា បានក្លាយជាប្រទេសមកពីតំបន់ការាបៀនដំបូងគេ ដែលបានឈានដល់វគ្គជម្រុះនៃការប្រកួតបាល់ទាត់ពិភពលោកផ្នែកនារី (FIFA Women’s World Cup) ដោយបានទម្លាក់ប្រេស៊ីលនៅត្រឹមវគ្គចែកពូល។
ចាម៉ៃកា មិនធ្លាប់ឈានដល់វគ្គចាញ់ធ្លាក់ នៃការប្រកួត World Cup ទាំងផ្នែកបុរសនិងនារី មុនការប្រកួតដែលក្រុមកីឡាការិនីចាម៉ៃកា បានស្មើជាមួយក្រុមប្រេស៊ីលដោយគ្មានគ្រាប់បាល់ ក្នុងទីក្រុងម៉ែលប៊ឺន កាលពីម្សិលមិញ។
ចាម៉ៃកាជាក្រុមមួយក្នុងចំណោមក្រុម៣ដែលមិនឱ្យក្រុមណាស៊ុតបញ្ចូលទីរបស់ពួកគេបានឡើយនៅក្នុងវគ្គសន្សំពិន្ទុ ។ ក្រុម២ទៀតមាន ជប៉ុន និងស្វីស ដែលមិនទាន់របូតគ្រាប់បាល់ក្នុងការប្រកួត៣លើកកន្លងទៅ។
លោក Lorne Donaldson អ្នកចាត់ការទូទៅរបស់ក្រុមកីឡាការិនីជម្រើសជាតិចាម៉ៃកា បានបង្ហាញការរំភើប រួមជាមួយក្រុមរបស់គាត់ដែលបានស្រក់ទឹកភ្នែក ដោយសារក្រុមរបស់ពួកគេទទួលបានសមិទ្ធផលមិនធ្លាប់មាន។ ផ្ទុយទៅវិញ ប្រេស៊ីលបានធ្លាក់ក្នុងវគ្គសន្សំពិន្ទុជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៥។
ការប្រកួត FIFA Women’s World Cup ឆ្នាំ២០២៣ នឹងបញ្ចប់វគ្គចែកពូល នៅថ្ងៃទី៣ ខែសីហានេះ។ បន្ទាប់មកនឹងមានការសម្រាករយៈពេល២ថ្ងៃ មុនការប្រកួតវគ្គ១៦ក្រុមចុងក្រោយ នឹងចាប់ផ្ដើម៕