គ្រូបង្វឹកលោក Xavier Hernández បាននិយាយកាលពីពេលថ្មីៗនេះថា លោកមានការឈឺចាប់ និង ខូចចិត្ត ពេលដែលខ្សែបម្រើ Ousmane Dembele នឹងត្រូវចាកចេញពី Barcelona ទៅចូលរួម Paris Saint-Germain នាពេលខាងមុខ។
ខាងក្លិប PSG និង Barcelona ពិតជាបានចរចាដំណើរផ្ទេរ Ousmane Dembele ពិតមែន ជាហេតុនៅប្រកួតឈ្នះ AC Milan ១-០ ក្នុងជំនួបមិត្តភាព គឺពុំបានឃើញមានវត្តមានកីឡាករវ័យ២៦ឆ្នាំ នៅជម្រើសដំបូង ដូចគ្នាទាំងបម្រុង ក៏រូបគេ មិនចូលរួមនោះដែរ។
បើតាមការបញ្ជាក់ពី លោក Xavi Hernandez បានរៀបរាប់ទាំងអារម្មណ៍អាក់អន់ចិត្ត អំពីការសម្រេចចិត្តរបស់ Dembele ក្នុងការចែកផ្លូវពីទ្រនំយូរឆ្នាំរបស់គេ។
បុរស សញ្ជាតិអេស្ប៉ាញលើកឡើងដូច្នេះថា៖ “ខ្ញុំចង់បញ្ជាក់ច្បាស់ថា Dembele បានសុំយើងចាកចេញ គេទទួលបានសំណើពីខាង PSG ហេតុផលនេះ ទើបគេមិនបានចូលលេង វាពិតជារឿងគួរឱ្យអាក់អន់ចិត្តជាមួយកីឡាករ វាបន្សល់ទុករសជាតិដ៏អាក្រក់មួយមកកាន់ខ្ញុំ”។
លោក Xavi បន្តថា៖ “យើងបានមើលថែគេយ៉ាងយកចិត្តទុកដាក់ គេរីករាយ ហើយរំពឹងអាចបង្កើតលទ្ធផលដ៏អស្ចារ្យសម្រាប់ក្រុម តែយ៉ាងណាយើងមិនអាចផ្តល់ជូននូវអ្វីដែល PSG ផ្តល់ឱ្យ Dembele ឡើយ ខ្ញុំព្យាយាមអូសទាញគេឱ្យបន្តនៅ តែគេប្រាប់ខ្ញុំ ថាគេបាននិយាយទៅ PSG រួចរាល់អស់ហើយ។”
សូមបញ្ជាក់ថា Barcelona បានទិញយក Ousmane Dembele ក្នុងតម្លៃ ១៣៥ លានអឺរ៉ូ ពី Dortmund កាលរដូវក្តៅ ឆ្នាំ ២០១៧ ដោយមកទល់ពេលនេះរូបគេបង្ហាញខ្លួន១៨៥ដង ស៊ុតបាន៤០គ្រាប់ និងបានរួមចំណែកជាមួយក្រុមអ្នកមានបុណ្យក្នុងការឈ្នះពានរង្វាន់ La Liga ៣ដង Copa del Rey ២ដង និង Spanish Super Cup ២ដងផងដែរ៕