×

សំបុត្រចូលទស្សនាព្រឹត្តិការណ៍អូឡាំពិករដូវរងា ២០២២ នឹងត្រូវលក់ឱ្យតែប្រជាជនចិនប៉ុណ្ណោះ

សំបុត្រចូលរួមទស្សនាការប្រកួតកីឡាព្រឹត្តិការណ៍អូឡាំពិករដូវរងា ឆ្នាំ២០២២ នាទីក្រុងប៉េកាំង នឹងត្រូវលក់អោយសម្រាប់តែអ្នកគាំទ្រដែលស្ថិតនៅប្រទេសចិនតែប៉ុណ្ណោះ ខណៈអត្តពលិកដែលមិនបានចាក់វ៉ាក់សាំងកូវីដ១៩ នឹងត្រូវធ្វើចត្តាឡីស័ក ២១ថ្ងៃ នៅមុនការប្រកួតចូលមកដល់។ នេះបើតាមការប្រកាសពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ។

គណៈកម្មាធិការអូឡាំពិកទីក្រុងប៉េកាំង បានជូនដំណឹងដល់ក្រុមប្រឹក្សាប្រតិបត្តិ IOC អំពីគោលការណ៍ដំណើរការប្រកួត ដោយសុវត្តិភាព និង រលូន អំឡុងអូឡាំពិករដូវរងា ឆ្នាំ២០២២ ដែលដំណើរការចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ និង ប៉ារ៉ាឡាំពិករដូវរងា ឆ្នាំ២០២២ ដែលដំណើរការចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី១៣ ខែមីនា ដែលផ្តល់ការអនុញ្ញាតសម្រាប់តែអ្នកគាំទ្រក្នុងស្រុក ដែលអាចចូលទស្សនាការប្រកួតបាន។

ជុំវិញរឿងនេះដែរ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC មានការខកចិត្តដែរ ដែលគណៈកម្មាធិការអូឡាំពិកទីក្រុងប៉េកាំង មិនអនុញ្ញាតឱ្យអ្នកគាំទ្របរទេសអាចចូលរួមការប្រកួត ប៉ុន្តែពួកគេគាំទ្រការសម្រេចចិត្តនេះ ព្រោះវាល្អជាជាងការប្រកួតដែលដំណើរការក្នុងទីលានទទេគ្មានអ្នកគាំទ្រ ដូចដែលព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ២០២០ ដែលដំណើរការនាទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលបញ្ចប់កាលពីពេលកន្លងទៅ។

បន្ថែមពីនេះ IOC បានអះអាងដែរថា អត្តពលិកដែលបានចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់នឹងមានការដើរហើរដោយសេរី ជាងអត្តពលិកដែលមិនបានចាក់វ៉ាក់សាំង និងត្រូវដាក់ខ្លួនដោយឡែក ហើយសម្រាប់បុគ្គលិកដែលបម្រើការអំឡុងព្រឹត្តិការណ៍ដំណើរការ បើទោះជាបានចាក់វាក់សាំងរួចក្តី ក៏ពួកគេត្រូវតែធ្វើតេស្តស្វែងរកមេរោគកូវីដ១៩ជារៀងរាល់ថ្ងៃផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង