×

រិន សំណាង ស្រឡាញ់ប្រដាល់ជាង១០ឆ្នាំ ទើបមានឱកាសចូលហាត់ ព្រមទាំងដាក់គោលដៅដណ្ដើមខ្សែក្រវាត់នាពេលខាងមុខ

ដោយមានចិត្តស្រឡាញ់ខ្លាំងចំពោះវិស័យប្រដាល់ ពោលគឺចាប់ពីអាយុ១០ឆ្នាំមកម្ល៉េះ ទើបធ្វើឱ្យកីឡាករ រិន សំណាង បំពេញក្ដីស្រម៉ៃរបស់ខ្លួនចាប់អាជីពជាអ្នកប្រដាល់រហូតដល់បានសម្រេចមកទល់បច្ចុប្បន្ននេះ។

មានស្រុកកំណើតនៅខេត្តក្រចេះ និងមានអាយុប្រមាណជាង២០ឆ្នាំ សំណាងបានលើកឡើងថា ដោយមានចិត្តស្រឡាញ់កីឡាប្រភេទមួយនេះ ជាពិសេសកីឡាករនៅក្នុងដួងចិត្តគឺកីឡាករ ឡុង សុភី និង ឡុង សំណាង ទើបធ្វើឱ្យខ្លួនសម្រេចតាមក្ដីស្រម៉ៃចូលហ្វឹកហាត់ នៅពេលដែលខ្លួនរៀនចប់ថ្នាក់ទី១២ នៅឯស្រុកកំណើត។

ក្រោយពីចូលហ្វឹកហាត់អស់រយៈពេលជាច្រើនខែ រិន សំណាង មានឱកាសឡើងប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាជាតិ និងសង្វៀនតាមបណ្ដាស្ថានីយទូរទស្សន៍ជាច្រើនលើក តាមរយៈការខិតខំរបស់ខ្លួន។ ទន្ទឹមនឹងការចាប់អាជីពដ៏ពិតប្រាកដ អ្នកខេត្តក្រចេះរូបនេះ នៅតែបន្តការសិក្សារបស់ខ្លួនដដែល ដោយបច្ចុប្បន្នជានិស្សិតសិក្សាឆ្នាំទីបួន។

គួររំឭកផងដែរថា ស្ថិតក្នុងអាជីពជាអ្នកប្រដាល់ រិន សំណាង ធ្លាប់ឡើងសង្វៀនប្រកួតចំនួន ១២លើក ហើយក្នុងនោះ ឈ្នះ៨ដង ចាញ់២ដង និងស្មើ២ដង។ កូនសិស្សរបស់លោកគ្រូ ឡុង សាវន្ត័រូបនេះ បានប្ដេជ្ញាថានឹងធ្វើឱ្យបានល្អនិងជោគជ័យលើវិស័យគុនខ្មែរ ជាពិសេសអាចចូលជាកីឡាករនៅក្នុងក្រុមជម្រើសជាតិ និងដណ្ដើមខ្សែក្រវាត់នានានៅក្នុងពេលខាងមុខដ៏ឆាប់នេះ៕

ទស្សនាវីដេអូសម្ភាសន៍ រិន សំណាង ខាងក្រោម៖

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង