ជាម្ចាស់ជើងឯកពីរសម័យកាល និងមានចំណាត់ថ្នាក់លេខ២នៅក្នុង FIFA Ranking ក្រុមកីឡាការិនីជម្រើសជាតិអាល្លឺម៉ង់ បានធ្លាក់នៅវគ្គចែកពូលជាលើកដំបូងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ World Cup ផ្នែកនារី បន្ទាប់ពីពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយកូរ៉េខាងត្បូង ក្នុងការប្រកួតចុងក្រោយនៅពូលរបស់ពួកគេ។
ជ័យជម្នះ ១-០ របស់ក្រុមកីឡាការិនីម៉ារ៉ុក លើក្រុមកីឡាការិនីកូឡុំប៊ី នៅទីក្រុង Perth បានបន្ថែមសម្ពាធលើក្រុមអាល្លឺម៉ង់ដែលតម្រូវឱ្យពួកគេត្រូវការឈ្នះកូរ៉េខាងត្បូងក្នុងទីក្រុង Brisbane ដើម្បីឈានទៅវគ្គបន្ត។
អាល្លឺម៉ង់បានបង្កើតឱកាសស៊ុតបញ្ចូលទីជាច្រើន ប៉ុន្តែមិនអាចស្វែងរកជ័យជម្នះលើកូរ៉េខាងត្បូងបានឡើយ។ កូរ៉េខាងត្បូង បានបើកការនាំមុខមុននៅនាទីទី៦ នៅពេលដែលការបញ្ជូនបាល់ពីខ្សែការពារ Lee Young-ju បានដល់ជើងរបស់ Cho So-hyun ដែលបានបញ្ចប់ទីយ៉ាងល្អ។ ប៉ុន្តែនៅនាទីទី៤២ កីឡាការិនីអាល្លឺម៉ង់ Alexandra Popp បានតាមស្មើឱ្យអាល្លឺម៉ង់ដោយការតែតបាល់ពីការបញ្ជូនបាល់ខ្ពស់ពី Svenja Huth។
លទ្ធផលស្មើ១-១នេះមានន័យថា កូឡុំប៊ីបានបញ្ចប់នៅលើកំពូលតារាងពូល H ហើយម៉ារ៉ុកបានឈរនៅលេខ២ ដោយមាន ៦ពិន្ទុ។ ក្រុមកីឡាការិនីអាល្លឺម៉ង់ ដែលឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ ២០២២ បានបញ្ចប់ដោយមាន ៤ ពិន្ទុ។
អាល្លឺម៉ង់ បានបរាជ័យក្នុងការឡើងពីវគ្គចែកពូលជាលើកដំបូង ក្នុងការបង្ហាញខ្លួនចំនួន ៩ ដងក្នុងការប្រកួតបាល់ទាត់នារីពិភពលោក។ ក្នុងនាមជាក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ និងទី៤ ក្នុងពូល អាល្លឺម៉ង់ និងកូរ៉េខាងត្បូងនឹងត្រូវធ្វើដំណើរទៅផ្ទះរៀងខ្លួន។
កូឡុំប៊ី នឹងត្រូវជួបជាមួយ ចាម៉ៃកា ក្នុងទីក្រុងម៉ែលប៊ឺន ខណៈ ម៉ារ៉ុក នឹងធ្វើដំណើរទៅកាន់ទីក្រុង Adelaide ដើម្បីប្រកួតជាមួយបារាំង នៅវគ្គ១៦ក្រុមចុងក្រោយ៕