×

លោកFelix Dalmas នឹងដឹកនាំក្រុមជម្រើសជាតិកម្ពុជាប៉ះហុងកុងនិងម៉ាកាវ ក្នុងការប្រកួតមិត្តភាពចំនួន២

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីការរៀបចំការប្រកួតមិត្តភាពអន្តរជាតិ នៅក្នុងថ្ងៃ FIFA Days រវាងក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុមហុងកុង និងក្រុមម៉ាកាវ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នៅខែក្រោយ។

ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជាទល់នឹងក្រុមហុងកុង នឹងធ្វើឡើងនៅថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ ២០២៣ នាវេលាម៉ោង ១៩:០០ នាទីយប់ មុនការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមម៉ាកាវ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នាវេលាម៉ោង ១៩:០០ នាទីយប់។

វានឹងក្លាយជាការប្រកួតមិត្តភាពជាលើកទី២ និងទី៣ ក្រោមការដឹកនាំរបស់អ្នកបង្គោល Felix Dalmas សញ្ជាតិអាហ្សង់ទីន បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានតែងតាំងរូបលោកជំនួសលោក Keisuke Honda កាលពីខែមេសា។

នេះក៏ជាការស្ទាបស្ទង់កីឡាករដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រកួតផ្លូវការរបស់កូនក្រុមលោក Felix នាខែតុលា ដែលក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប៉ះក្រុមជម្រើសជាតិប៉ាគីស្ថាន នៅក្នុងការប្រកួតជុំទីមួយ វគ្គជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2026។

គួររំឭកថា កាលពីខែមិថុនា លោក Felix បានដឹកនាំក្រុមជម្រើសជាតិកម្ពុជាប្រកួតចាញ់ក្រុមភ្ញៀវបង់ក្លាដេស ដោយលទ្ធផល ០-១ ក្នុងការប្រកួតមិត្តភាពនៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង